2023-06-03 10:46
452

កណ្តាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា «កម្ពុជាមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ប្រទេសដ៏ទៃទេ ប៉ុន្តែមិនទាន់ដឹងផង នៅឯប្រទេសថៃ បានត្រៀមបណ្តេញពលករកម្ពុជា និងឡាវទៅហើយ ដែលនយោបាយបែបនេះ គឺមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជាកម្ពុជា និងឡាវនោះទេ»។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និងនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ សម្តេចតេជោបានផ្តាំផ្ញើទៅកាន់គណបក្សដែលទើបឈ្នះការបោះឆ្នោតនៅប្រទេសថៃថា «សម្តេចមិនជ្រៀតជ្រែកនយោបាយប្រទេសដ៏ទៃទេ ក៏ប៉ុន្តែអ្នកត្រូវមើលឱ្យឆ្ងាយពីប្រទេសថៃ អ្នកជាអ្នកឈ្នះឆ្នោត ប៉ុន្តែមិនប្រាកដក្លាយជានាយករដ្ឋមន្ត្រី ឬបង្កើតរដ្ឋាភិបាលបានទេ ប៉ុន្តែអ្នកបានដាក់គោលនយោបាយមួយអាចបង្កនូវគ្រោះថ្នាក់មិនត្រឹមតែពលករកម្ពុជា និងឡាវទេ វានឹងគ្រោះថ្នាក់ដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ាផងដែរ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវតាមដានឱ្យបានម៉ត់ចត់ដើម្បីធានាពលកររបស់យើងកំពុងធ្វើការការនៅប្រទេសថៃ ដែលរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា បានជួយពលកររបស់យើងពីមិនស្របច្បាប់ឱ្យទៅជាពលករស្របច្បាប់ ប៉ុន្តែឥឡូវនេះ អ្នកឈ្នះឆ្នោតដែលត្រូវការសម្លេង ៣៧៦សម្លេងទើបអាចបង្កើតរាជរដ្ឋាភិបាលបាន ខណៈពេលមានត្រឹមតែ១៥១សម្លេង គឺមិនទាន់បានធ្វើអ្វីផង ត្រៀមបណ្តេញពលករកម្ពុជា និងឡាវទៅហើយ»។ សម្តេចតេជោគិតថា «នយោបាយនេះមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា កម្ពុជា និងឡាវនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានសង្គត់ធ្ងន់ថា កម្ពុជាគ្មានស្អីទេ គ្រាន់តែចង់ផ្តាំផ្ញើថា «គួរប្រុងប្រយ័ត្ន» និងមិនប្រដៅអ្នកនយោបាយថៃទេ ហើយកម្ពុជាកំពុងតាមដានដោយយកចិត្តទុកដាក់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរបស់គេទេ ប៉ុន្តែវាប៉ះពាល់ដល់កម្មករ កម្មការិនីរបស់យើងដែលកំពុងធ្វើការនៅប្រទេថៃ៕