2023-06-03 14:49
627

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា «ការយកចិត្តទុកដាក់លើអតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន ដែលចូលនិវត្តន៍ គឺជាកាតព្វកិច្ចផ្នែកសីលធម៌របស់យើងក្នុងការទទួលខុសត្រូវផងដែរ»។

ឯកឧត្តមបណ្ឌិត បានថ្លែងទៀតថា «អតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន ចូលសោធន់និវត្តន៍ គិតមិនខុសពីសមាជិកគ្រួសារយើង ឪពុកម្តាយ អាណាព្យាបាលដែលជាចាស់ទុំ។ បើយើងមើលក្នងរូបភាពហ្នឹង គឺត្រូវ ឪពុកម្តាយបានលះបង់ច្រើនណាស់ ក្នុងការកសាងគ្រួសាររឹងមាំដើម្បីបង្កើនឱកាសឱ្យកូនចៅមានឱកាសរៀនសូត្រ ឱកាសធ្វើការងារកសាងសមត្ថភាព»។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា «អតីតយុទ្ធជន អតីតគ្រូបង្រៀន អតីតមន្ត្រីរាជការ គាត់បានចូលរួមច្រើនណាស់ ក្នុងការកសាងប្រទេសជាតិរបស់យើង គឺមានការលះបង់ច្រើន ដើម្បីឱ្យប្រទេសយើងរឹងមាំ រឹងដៃ រឹងជើង និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយដូចឥឡូវនេះ។ គាត់ចូលរួមកសាងតាំងពីប្រទេសបាទដៃទទេ រហូតមានការរីកចំរើនដូចបច្ចុប្បន្ននេះ»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ពួកគាត់បានចូលរួមច្រើនណាស់ ចាប់តាំងពីប្រទេសមានសង្គ្រាមរហូតបញ្ចប់សង្គ្រាមឯកភាពទឹកដី។ គាត់ចូលរួមចាប់ពីការកវែកកឆ្នាំងខ្វះធនធានមនុស្ស រហូតយើងមានធនធានមនុស្ស មានសមត្ថភាព មានសក្តានុពលអាចកសាងប្រទេសជាតិដោយខ្លួនឯងបាន។ អញ្ចឹងបើប្រៀបធៀបអតីយុទ្ធជន អតីតគ្រូបង្រៀន អតីតមន្ត្រីរាជការ មិនខុសពីអ្វីជាឪពុកម្តាយរបស់យើងទេ ទោះបីជាពួកគាត់ចាស់ទុំ ដល់វ័យជរាចូលនិវត្តន៍ក៏ដោយជាកាតព្វកិច្ចអ្នកជំនាន់ក្រោយត្រូវថែទាំគាត់ដូចគ្នារដ្ឋាភិបាល ប្រជាជនត្រូវមានកាតព្វកិច្ចអញ្ចឹងដែរ»។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា «អតីយុទ្ធជន អតីតគ្រូបង្រៀន អតីតមន្ត្រីរាជការ ពួកគាត់បានត្រួសត្រាយផ្លូវឱ្យខ្មែរជំនាន់ក្រោយតាំងពីប្រទេសនៅព្រៃក្រោយពីបែកឆ្នាំ១៩៧៩ ព្រោះអ្នកចេះដឹងប៉ុល ពត បានកាប់សម្លាប់អស់ច្រើន អញ្ចឹងពួកគាត់ជាអ្នកត្រួសត្រាយឱ្យយើង»។

ឯកឧត្តមបណ្ឌិតបញ្ជាក់បន្ថែមថា «ទោះបីជាដល់អាយុចូលសោធន់និវត្តន៍ ប៉ុន្តែបទពិសោធន៍ ចំណេះដឹងរបស់គាត់អាចផ្តល់ការណែនាំជាប្រចាំ»៕