2023-06-04 12:50
707


កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីបណ្តារោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។ 


នេះជាលើកទី២ សម្រាប់ការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត មកពីរោងចក្រ សហគ្រាស ចំនួន ១១រោងចក្រ ប្រភេទរោងចក្រផលិត ស្បែក ជើង  ចំនួន ១០ និងផលិតកាបូប ចំនួន ១ ដែលផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ ទៅ ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ 
នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៣៨៥ មានកម្មករ និយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិត សរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។ 
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ 


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គោលដៅនៃជំនួបជាមួយកម្មករ និយោជិត គឺជាជំនួបសន្ទនារវាងនារដ្ឋមន្រ្ដី និងកម្មករ និយោជិត ដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រនានា ដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករកម្មការិនីយើង។ ទើបបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយកម្មករ និយោជិតជាបន្តបន្ទាប់។ 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី និងកម្មករ និយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។ 
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៧៧៩នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕