
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ការជំរុញសុខដុម នីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោលការណ៍ នេះជានិច្ច និងធានាបន្តអនុវត្តគោលនយោបាយនេះ ព្រោះជាការធានាភាពសុខសាន្ត និងសុខដុម រមនារបស់សង្គមជាតិទាំងមូល ។
នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ។
ក្នុងនោះសម្តេចធិបតី ក៏បានសម្តែង នូវមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដូចដែលខ្ញុំបានលើកក្នុងពេលថ្មីនេះ មកថា ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្ស ប្រជា ជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍នេះជានិច្ច ។ ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្ត អនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិ យើងទាំងមូល”៕


