2025-03-06 09:59
49

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស ដោយ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។
ក្នុងពិធីប្រារព្ធ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ“យុវជនដើម្បីវប្បធម៌ជាតិ”។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។


ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ពិធីជួបជុំនាពេលនេះ គឺជាការចូលរួមពីគ្រប់សមាសភាពនៃសង្គមជាតិ រួមមានតំណាងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ថា្នក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងអង្គការ សមាគមសិល្បៈវប្បធម៌ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករសិល្បការិនី ផ្នែកសូនរូប របាំ ល្ខោន ភ្លេង និពន្ធ និងអ្នកដឹកនាំរឿង ក្រុមសិល្បៈផ្នែកទស្សនីយភាព ក្រុមសិល្បៈសហគមន៍ ដោយរាប់បញ្ចូលទាំងក្រុមសិល្បៈ និងក្រុមយីកេជនជាតិដើមភាគតិចផងដែរ។ បន្ថែមពីនេះក៏មានការចូលរួមពី សិល្បករវិស័យឯកជនផ្នែកសូនរូប អ្នកនិពន្ធ បណ្ណារក្ស អ្នកអក្សរសាស្ត្រអក្សរសិល៍្ប អង្គការ-សមាគមដែលជាជ័យលាភីប្រឡង ម្ហូបអាហារ ខ្លែងខ្មែរ សិប្បករជំនាញ តំណាងសាលាគុនល្បុក្កតោ សិល្បករក្រៅប្រព័ន្ធគ្រប់ទម្រង់ដែលមានផលិតករភាពយន្តអ្នកនិពន្ធរឿង អ្នកថត សិល្បករសម្តែង អ្នកបញ្ចូលសម្លេង ពិធីករ ពិធីការិនី តំណាងអ្នកក្លឹប កាសែតកម្ពុជា បុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម ព្រមទាំងនិសិត្សជ័យលាភីប្រឡងគំនូរផ្សាយទិវាវប្បធម៌។

 នៅក្នុងឆ្នាំនេះទៀតសោត ក៏មានបងប្អូនសិល្បករ សិល្បការិនីដែលនៅឯនាយសមុទ្រ(សហរដ្ឋអាម៉េរិក) ចំនួន៧រូប មកចូលរួមផងដែរ ។បងប្អូនសិល្បករទាំងនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតនិងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌របស់ជាតិទៅកាន់សហគមន៍ខ្មែរនិងមិត្តភក្តិបរទេសនានា ដែលជាការនាំយកវប្បធម៌ជាដួងព្រលឹងជាតិទៅគ្រប់ទីតាំងដែលបងប្អូនខ្មែរកំពុងរស់នៅក្នុងសកលលោក ធ្វើឱ្យសមាសភាពអ្នកចូលរួមក្នុងឱកាសនេះមានចំនួន៤៥៨៩នាក់។
សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ និងកម្មវិធីជួបជុំរវាងសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិក រួមទាំងអ្នកបម្រើក្នុងវិស័យសិល្បៈវប្បធម៌ជាមួយនាយករដ្ឋមន្ត្រី បានប្រពឹត្តឡើងក្រោម គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា៕