2025-03-10 11:18
27

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ។ 

ការថ្លែងណែនាំរបស់ សម្តេចបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនិងសំណេះសំណាងជាមួយកម្មករ កម្មការិនីជាម្តាយដែលមានទារកតូចៗ ក្នុងគោលបំណងស្តាប់នៅសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់កម្មករ កម្មការិនី នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥  ។ 

ក្រោយពីបានស្តាប់នូវការលើកឡើងរបស់កម្មការិនី ដែលទៅទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់លើបណ្ណ ប.ស.ស. លើសេវាសុខាភិបាល ក្នុងពេលមានផ្ទៃពោះនិងក្រោយសម្រាលកូនរួចរាល់ហើយនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «សម្តេចបានឃើញនូវការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែរថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព មិនសូវទទួលបានការយកចិត្តទុកដាក់ឡើយ»។ ជុំវិញបញ្ហាខាងលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា «មានតិចតួចបានលើកឡើង»។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ថ្ងៃមុនបងឃើញគេ (សម្តេចនិយាយជាមួយកម្មការិនី) គេបង្ហោះតាមហ្វេសប៊ុកតាមអី ១រឿង ២រឿង នោះ គេថាអ្នកកាន់ ប.ស.ស. ទៅពេទ្យមិនសូវយកចិត្តទុកដាក់ព្រោះអាហ្នឹង! ការងារនេះ ក្រសួងការងារ ក្រសួងសុខាភិបាល តាមឱ្យជាប់ គឺអត់ឱ្យមានការរើសអើងទេ មណ្ឌលសុខភាព ទាំងឯកជន ទាំងរដ្ឋ គឺត្រូវធ្វើមិចយកចិត្តទុកដាក់ដូចគ្នា»។
 

សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា៖ «បានឱ្យក្រុមការងារចុះពិនិត្យ ទៅលើកិច្ចការងារទាំងនេះដែរ ខណៈដែល សម្តេច ក៏សង្កេតឃើញថា មានចន្លោះប្រហោងបន្តិចបន្តួច តែបានធ្វើការកែសម្រួលជាបន្តបន្ទាប់»។ 

សម្តេច សង្កត់ធ្ងន់ថា៖ «ធ្វើយ៉ាងណា កុំឱ្យមានការរើសអើងឱ្យសោះ ចំពោះអ្នកប្រើប្រាស់បណ្ណ ប.ស.ស.»៕