2025-03-16 13:24
17

ប៉ៃលិន៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិននៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុខនេះ រដ្ឋបាលខេត្តបានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនអោយបានអធិកអាធមសម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផលនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្តមកលេងកម្សាន្តនៅខេត្តយើងអោយបានច្រើនកុះករ ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ  និងភ្ញៀវទេសចរមកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត  និងកងកម្លាំងទាំង៣ប្រភេទនឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើងពណ៌នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈអោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិនដែលកំពុងឈូសឆាយរៀបចំកែលម្អនាពេលនេះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានាដើម្បីបង្កបរិយាកាស សប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ និងសុខដុមរមនា។

សូមរំលឹកថា៖ សម្រាប់សង្ក្រានប៉ៃលិនរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ កន្លងទៅ គឺខេត្តប៉ៃលិនទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅតាមតំបន់រមណីយដ្ឋាន ទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងប្រគុំតន្ត្រីរាំកំសាន្តតំបន់ត្រជាក់ចិត្តដែលរៀបចំដោយរដ្ឋបាលខេត្ត៕