2025-03-17 13:40
8

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា តម្លៃនៃសុខសន្តិភាពបានផ្តល់ឱកាសឱ្យប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់។

ការលើកឡើងរបស់ឯកឧត្តម អភិបាលខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិធីបញ្ចុះត្បូងនៅត្រង់ចំណុចឧណ្ណាលោមព្រះពុទ្ធមាក់ ដែលបានកសាងឡើងពីលោហៈធាតុស្ពាន់លាយមាស និងសម្បូរសមិទ្ធផលនានាក្នុងវត្តអង្គជុំហៅវត្តកំហែង ដែលស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកអង្គរបុរី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ឆ្នាំ២០២៥។

ឯកឧត្តម អភិបាលខេត្ត បានថ្លៃបន្តថា សន្តិភាពបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានាទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍ បរទេសជាច្រើន បានមកបណ្ដាក់ទុនវិនិយោគនៅប្រទេសយើងឡើយ ដោយឡែកខេត្តតាកែវយើង ក៏ទើបនឹងទទួលបានការបណ្ដាក់ទុន រកស៊ីជាច្រើនមកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយើង។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ដូច្នេះសុខសន្តិភាពនេះបានផ្តល់ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា៖ ទឹក ភ្លើង ផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដែលត្រូវបានស្ថាបនាឡើងយ៉ាងល្អប្រសើរដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ៕