
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា ប្រជុំផ្ទៃក្នុងដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការ និងការងារត្រៀមចុះបេសកកម្មឈ្វេងយល់ពីវិស័យទទួលបន្ទុករបស់ខ្លួនទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
កិច្ចប្រជុំនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ក៏បានពិភាក្សាស្តីពីការត្រៀមអញ្ជើញឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើបាឋកថា អំពីវឌ្ឍនភាពនៃការងារក្នុងវិស័យអប់រំ។
គួររំលឹកថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងវិស័យអប់រំ ៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២). ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀននិងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ជាពិសេសដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាចក្ខុវិស័យកម្ពុជា២០៥០ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់វិស័យអប់រំដែលក្នុងនោះរួមមាន៖ (១).ការបន្តធ្វើកំណែទម្រង់គ្រូបង្រៀន ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀនលើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គម ដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ (២).ការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួងបាននឹងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន៥រួមមាន៖ (ស្តង់ដាទី១)លទ្ធផលសិក្សារបស់សិស្ស,(ស្តង់ដាទី២)ការបង្រៀននិងរៀន, (ស្តង់ដាទី៣)ការចូលរួមរបស់សហគមន៍, (ស្តង់ដាទី៤) ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង(ស្តង់ដាទី៥) គណនេយ្យភាពរបស់សាលារៀន។
ចាប់តាំងពីឆ្នាំ២០១៨ មក ក្រសួងអប់រំបានរុញកំណែទម្រង់តាមរយៈគម្រោង “ការពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព”ដល់សាលារៀនដោយក្នុងអំឡុង៥ឆ្នាំកន្លងទៅនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយបច្ចុប្បន្នគម្រោងបានពង្រីកដល់ជិត២ពាន់សាលារៀន ដោយផ្តោតលើបច្ចេកវិទ្យាវិធីសាស្ត្របង្រៀនថ្មីនិងស្តង់ដាសាលារៀនគំរូ៕
