
ក្រចេះ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អមដំណើរដោយ លោកគង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខា លោកជំទាវ ឈឹម សុធារី ហេរញ្ញិកសាខា ឯកឧត្តម គាង អ៊ាង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត ចុះចែកអំណោយ និងសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ២៥០ គ្រួសារ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ។
ការចែកអំណោយមនុស្សធម៌នេះនេះ ទីតាំងទី១៖ នៅបរិវេណវត្តបុស្សមាលី (ហៅវត្តបុសលាវ) ជូនប្រជាពលរដ្ឋ ១១៤ គ្រួសារ មកពី២ឃុំ គឺឃុំបុសលាវ និងឃុំកោះច្រែង ក្នុងស្រុកចិត្របុរី និងទីតាំងទី២៖ នៅបរិវេណសាលាឃុំ ដារ ចំនួន២៣គ្រួសារ មកពី៣ឃុំ គឺឃុំថ្មអណ្តើក ឃុំដារ និងឃុំកន្ទួត ក្នុងស្រុកចិត្របុរី សរុបរួម ចំនួន ១៣៧ គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹកលឹក និងសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ បង្កឡើងមហន្តរាយបង្កដោយធម្មជាតិ។ ការចែកអំណោយនេះដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមគូសបញ្ជាក់បន្ថែមថា «អំណោយទាំងអស់ដែលកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះ បានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។ កាកបាទក្រហមកម្ពុជាតែងតែបានយកចិត្តទុកដាក់ និងបានឆ្លើយតបគ្រោះមហន្តរាយនានាមានដូចជា៖ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះអគ្គិសភ័យ និងសាងសង់ផ្ទះឱ្យចាស់ជរាគ្មានទីពឹងជាដើម»។
ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាអនាម័យជាប្រចាំ ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសទប់ស្កាត់ជំងឺមិនឆ្លងនានាដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង ការជក់បារី។ល។ ជាមួយគ្នានេះឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងសូមនិយាយថាទេចំពោះគ្រឿងញៀន ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាពល្អ។
អំណោយដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាមួយចំនួន៕

