2025-03-21 07:39
24

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានរៀបចំសិក្ខាសាលាពិនិត្យឡើងវិញលើឯកសារណែនាំតម្រង់ទិសពលករមុនចេញដំណើរទៅធ្វើការនៅប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 
សិក្ខាសាលានេះរៀបចំធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី Nellie Ghusayni ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM), លោកស្រី MOHANTY Priya អ្នកឯកទេសស្រាវជ្រាវ នៃអង្គការ IOM ប្រចាំនៅប្រទេសបារ៉ែន (តាមអនឡាញ) រួមទាំងឯកឧត្តម លោក-លោកស្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈខាងកម្មករនិយោជិត និងតំណាងនិយោជក តំណាងអង្គការជាតិនិងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា។ 
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា, អនុក្រឹតលេខ ១៩០ ស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន និងប្រកាសមួយចំនួនទៀត ដើម្បីគាំទ្រការអនុវត្តអនុក្រឹតនេះឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះក៏មានប្រកាសស្ដីពី ដំណើរការជ្រើសរើសនិងណែនាំតម្រង់ទិសពលករមុនពេលចេញដំណើរ ដែលក្រសួងកំពុងធ្វើបច្ចុប្បន្នភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងការពង្រឹងប្រសិទ្ធភាពនៃការជ្រើសរើស និងការណែនាំតម្រង់ទិសពលករមុនចេញដំណើរទៅធ្វើការនៅបរទេស ផងដែរ។ 
សូមជម្រាបថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំឯកសារណែនាំតម្រង់ទិសពលករមុនចេញដំណើរទៅធ្វើការនៅប្រទេសថៃឱ្យកាន់តែមានប្រសិទ្ធភាព ដែលក្នុងនោះបានផ្ដោតលើមេរៀនសំខាន់ៗ ចំនួន១០ រួមមាន មេរៀនទី១ ស្តីពីការជ្រើសរើសនិងការរៀបចំ, មេរៀនទី២ ស្តីពីសារៈសំខាន់នៃជំនាញនិងគុណវុឌ្ឍិ, មេរៀនទី៣ ស្តីពីការស្វែងយល់អំពីប្រទេសថៃ, មេរៀនទី៤ ស្តីពីការធ្វើដំណើរ, មេរៀនទី៥ ស្តីពីលក្ខខណ្ឌការងារនិងការរស់នៅ, មេរៀនទី៦ ស្តីពីសុខភាពនិងសុវត្ថិភាព, មេរៀនទី៧ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ, មេរៀនទី៨ ស្តីពីសិទ្ធិនិងការទទួលខុសត្រូវនៅប្រទេសថៃ, មេរៀនទី៩ ស្តីពីការវិលត្រឡប់និងការធ្វើសមាហរណកម្ម និងមេរៀនទី១០ ស្តីពីសេវាគាំទ្រ៕