កោះកុង៖ ប្រជាពលរដ្ឋ ចំនួន ៣២៧គ្រួសារ នៃសហគមន៍តំបន់ការពារធម្មជាតិ "ភ្នំទ័ពជាង" ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានជីវភាពកាន់តែល្អប្រសើរ តាមរយៈការប្រមូលផល-អនុព្រៃឈើប្រកបដោយចីរភាព។
ប្រជាសហគមន៍ "ភ្នំទ័ពជាង" កំពុងសប្បាយរីករាយក្នុងការប្រមូលផល ផ្លែគុយ ឫស្សីស្រស់ ផ្តៅស្រស់ ផ្សិតប៉ក់ ទឹកឃ្មុំ រុក្ខជាតិឱសថ.....ជាដើម និងការកែច្នៃផលឫស្សីជាសម្ភារៈប្រើប្រាស់ផ្សេងៗលក់បានតើកម្រៃដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ មិនតែប៉ុណ្ណោះ តំបន់ការពារធម្មជាតិមួយនេះ អាចឲ្យប្រជាសហគមន៍បានផ្តល់សេវាអេកូទេសចរណ៍ ការបោះតង់ ជូនភ្ញៀវ ម្ហូបអាហារ និងកញ្ចុះកំសាន្តផចដែរ។
ក្រៅពីនោះ សហគមន៍តំបន់ការពារធម្មជាតិ "ភ្នំទ័ពជាង" ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ក៏មានការបណ្តុះកូនឈើ ផ្តៅ កូនឫស្សី និង កូនដើមច័ន្ទគ្រឹះស្នាផងដែរ។
សូមជម្រាបថា រដូវនេះជាដូចផ្សិតប៉ក់ដុះ ក្នុងតំបន់ការពារធម្មជាតិ ហើយប្រជាសហគមន៍ទទួលបានចំណូលពីការការពារ និងអភិរក្សព្រៃឈើដោយប្រមូលបានអនុផលព្រៃឈើ ដែលជាចំណូលបន្ថែមសម្រាប់ពួកគាត់។ រក្សាឈើឈរដើម្បីរកចំណូលសេដ្ឋកិច្ចសម្រាប់ជាតិ និងសហគមន៍ តាមរយៈការលក់ឥណទានកាបូន ,ទេសចរណ៍ធម្មជាតិ និងការប្រមូលអនុផលព្រៃឈើតាមរដូវកាល។
សូមបញ្ជាក់ថា ផ្សិតប៉ក់ និងផ្លែគុយ ត្រូវបានប្រមូលផលចាប់ខែមេសារហូតខែមិថុនា ដែលអាចលក់បានចន្លោះពី៣ ម៉ឺនទៅ ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយបានផ្តល់ចំណូលបន្ថែមដល់ប្រជាសហគមន៍។ ចំពោះផ្សិតប៉ក់ អាចយកទៅកែច្នៃចេញជាមុខម្ហូបផ្សេងៗដូចជា ស្ងោ ឆា ខ និងស្លរ...ជាដើមតាមចំណូលចិត្ត៕