2024-01-25 12:08
397

នាវាទេសចរណ៍បរទេសខ្នាតយក្យមួយគ្រឿងមានឈ្មោះថា Westerdam បាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជិត ២ ០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ បន្ទាប់ពីអាក់ខានក្រោយពីវិបត្តិកូវីដ-១៩។

តាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សដែល មានឈ្មោះ វេសស្ទើដាម (Westerdam) បានធ្វើដំណើចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ហើយនាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅ រសៀលថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ភ្ញៀវទេសចរបរទេសរទេសដែលធ្វើដំណើរតាមនាវា Westerdam មានចំនួន១ ៨៧៣នាក់ ស្រីចំនួន ៩៨៦នាក់ មាន ៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៧៦នាក់ ស្រី ១២៨នាក់ មាន ៣៧សញ្ជាតិ។ ភ្ញៀវទេសចរធ្វើដំណើរតាមនាវាទេសចរណ៍ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់។ ហើយក្នុងចំណោមភ្ញៀវទេសចរទាំងអស់រួមមាន សញ្ជាតិអាមេរិកចំនួន ៨៧០នាក់ , កាណាដាចំនួន២៨៨នាក់ , អង់គ្លេស១៩១នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងៗ          ទៀត ហើយបន្ទាប់ពីនាវាបានចូលចត ឃើញថាភ្ញៀវទេសចរបានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុផងដែរ ។                                                     

សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនាវាWesterdam ក៏បាន ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្តងរួមមកហើយ ដែលមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ ០០០នាក់ផងដែរ ៕