2025-03-30 14:01
25

ដូចដែលយើងបានដឹងហើយថា ទីក្រុងបាងកកនៃប្រទេសថៃ គឺស្ថិតនៅក្នុងតំបន់ដែលមានចំណាត់ថ្នាក់គ្រោះរញ្ជួយដីទាប ដូចទៅនឹងប្រទេសកម្ពុជាយើងដែរ។ ប៉ុន្តែមូលហេតុចម្បងដែលបណ្ដាលឲ្យប្រទេសនេះ មានគ្រោះរញ្ជួយដីខ្លាំងជាងកម្ពុជាយើងនោះ ដោយសារតែបើទោះបីជាប្រទេសថៃ ស្ថិតក្នុងដំបន់ដែលទទួលរងគ្រោះរញ្ជួយដីទាបដូចកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែប្រភេទដីនៃប្រទេសនេះគឺខុសពីដីនៅកម្ពុជា។

ជាក់ស្តែង ទីតាំងរញ្ជួយដីគឺកើតមានឡើងនៅឯទីក្រុង ម៉ាន់ដាឡេ នៃប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយជិត ១០០០ គីឡូម៉ែត្រពីទីក្រុងបាងកកឯណោះ ប៉ុន្តែដោយសារតែប្រភេទដីនៅទីក្រុងបាងកក ជាប្រភេទដីទន់ដែលមានកម្រាស់ពី ១៥ ម៉ែត្រ ទៅ ២០ម៉ែត្រ ជាប្រភេទដីឥដ្ឋជ្រាយ ទើបបង្ករឱ្យមានឥទ្ធិពល Far-Field Effect (FFE)។ Far-Field Effect (FFE) នេះប្រសិនជាយើងធៀបទៅវាប្រៀបដូចជារលកទឹកដែលកើតឡើងនៅពេលដែលយើងទម្លាក់ថ្មមួយដុំចូលទៅក្នុងទឹក ហើយបង្កើតបានជារលកមានឥទ្ធិពលទៅបានឆ្ងាយ។ 

ឥទ្ធិពល FFE នេះអាចបង្ករគ្រោះថ្នាក់ដល់សំណង់ បើទោះបីជាវាមានសំទុះចលនាដីអតិបរិមា (PGA) និង ល្បឿនចលនាដីអតិបរិមា (PGV) ទាបជាង Near-Field Effect ក៏ដោយ ជាពិសេសចំពោះអគារខ្ពស់និងស្ពានប្រឡោះវែង ព្រោះថារលកដែលនៅរយៈចម្ងាយឆ្ងាយមានខួបរលក (Period) វែង ដែលកៀកទៅនឹងខួបនៃលំយោលរេរបស់អគារខ្ពស់និងស្ពានប្រឡោះវែងដែរ។

ប្រសិនបើយើងក្រឡេកមកមើល ពាក់ព័ន្ធនឹងការដួលរលំអគារ ៣៣ ជាន់ដែលកំពុងតែសាងសង់នៅក្នុងទីក្រុងបាងកក ប្រទេសថៃវិញ ភាគច្រើនត្រូវបានគេប៉ាន់ស្មានថាអគារនេះដួលរលំក៏ព្រោះតែការរញ្ជួយដី ប៉ុន្តែប្រសិនជាយើងក្រឡេកមកមើលមួយជ្រុងទៀតនៃការដួលរលំនេះវិញ ដោយផ្អែកទៅលើការងារបច្ចេកទេស  រួមទាំងការសិក្សាពីគម្រោង ប្លង់ និងការសាងសង់វិញនោះ យើងនឹងបានដឹងថា ថ្វីត្បិតតែអគារនេះកំពុងស្ថិតក្នុងការសាងសង់មែន តែការសាងសង់គ្រឿងផ្គុំសំណង់បានបញ្ចប់រួចហើយ។ ចំណុចសំខាន់ដែលគួរពិចារណា គឺអគារនេះមិនទាន់បំពាក់គ្រឿងបរិក្ខារសំណង់និងផលិតផលសំណង់ពេញនៅឡើយ មានន័យថាបន្ទុកអចិន្ត្រៃយ៍បន្ថែម (SDL) គឺនៅមិនទាន់មានពេញនៅឡើយទេ។ 

បន្ទុករញ្ជួយដីដែលមានអំពើលើគ្រឿងផ្គុំ គឺកើតឡើងដោយសារម៉ាសរបស់គ្រឿងផ្គុំផ្ទាល់ និងរបស់បំពាក់ជាប់នឹងគ្រឿងផ្គុំមានចលនាដោយសំទុះដែលកើតឡើងដោយចលនារំញ័រដី ឬនិយាយឱ្យខ្លីវាជាកម្លាំងអ៊ីនែស៊ី (Inertia Force) ដោយតាមច្បាប់រូបវិទ្យា F = M.a (ច្បាប់ទី២ ញ៉ូតុន) បើយើងធ្វើការពិចារណាថែមពី ការថមថយល្បឿននិងភាពរឹងទប់បម្លាស់ទីរបស់គ្រឿងផ្គុំ។ បើម៉ាសធំ នោះកម្លាំងដែលកើតឡើងដោយរញ្ជួយដីរុញទៅលើអគារក៏មានតម្លៃធំដែរ។

យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាគំនិតសន្និដ្ឋានខ្លះៗប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងមូលហេតុពិតដែលនៅពីក្រោយបញ្ហាឬការបាក់រលំអាគារណាមួយនោះ គឺត្រូវឆ្លងកាត់ការធ្វើកោសល្យវិច័យយ៉ាងលម្អិតនិងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយវិស្វករឯកទេស ដែលមានចំណេះដឹងខ្ពស់និងបទពិសោធន៍ច្បាស់លាស់ជាមុនសិន ព្រោះរាល់ការសន្និដ្ឋានតែងមានវិបាកពីការសន្និដ្ឋាន និងការអនុវត្តដែលចេញពីការសម្រេចចិត្តដោយផ្អែកលើការសន្និដ្ឋាននោះផងដែរ។