
(កែប)៖ កាលពីរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥លោកភឿង ផល្លា នាយរងខណ្ខរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឱ្យដឹងថាពីកា ធនាគារភ្ញាស់ក្តាមនៅស្ថានីយក្តាម គឺជាកន្លែងស្តុកក្តាមសេះមេពង រហូតដល់ក្តាមមេទាំងនេះភ្ញាស់កូនចេញក្រៅ ក្នុងក្ដាមមេពងមួយ អាចផ្ទុកពងក្តាមបានរហូតដល់១លានពងឯណោះ ក្រោយភ្ញាស់រួច យើងអាចប៉ាន់ប្រមាណយ៉ាងហោចក៏មានកូនក្តាម១% ឬប្រមាណ១ម៉ឺនកូនក្តាមដែរដែលនៅរស់។
ក្នុងនោះតាំងពីបង្កើតធនាគារក្តាមនេះបានជាង១ឆ្នាំមក សហគមន៍នេសាទភូមិថ្មី ខេត្តកែប បានប្រមូលក្តាមមេពងពីអ្នកនេសាទប្រមាណ៥ពាន់ក្តាម យកមកស្តុកធ្វើការភ្ញាស់កូន។
នេះបើតាមការលើកឡើងរបស់ លោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានបញ្ជាក់ប្រាប់ឱ្យដឹងកាលពីពេលថ្មីកន្លងទៅ។
លោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលបានអោយដឹងថា សហគមន៍នេសាទភូមិថ្មី គឺជាសហគមន៍មួយដែលសម្បូរទៅដោយព្រៃកោងកាង ស្មៅសមុទ្រ និងមានទីតាំងអំណោយល្អ ក្នុងការបង្កើតទៅជាតំបន់អភិរក្ស ពិសេសសាងសង់នូវទីតាំងសម្រាប់ភ្ញាស់កូនក្តាម ទើបយើងសម្រេចបង្កើតអោយមានស្ថានីយស្តុក ភ្ញាស់ និងលែងកូនក្តាមទាំងនោះចូលសមុទ្រវិញ ដើម្បីនិរន្តភាពភោគផលក្តាមនាថ្ងៃអនាគត។
លោកបន្ដទៀតថា ការភ្ញាស់ក្តាមមេពង ធ្វើឡើងមាន៣ដំណាក់ទៅតាមស្ថានភាពពងរបស់វា ក្នុងនោះក្ដាមមេពងមួយ អាចផ្ទុកពងក្តាមបានរហូតដល់១លានពងឯណោះ បើយើងធ្វើការភ្ញាស់មេក្តាមនោះ អត្រារស់នៃកូនក្តាម១ភាគរយ ក៏ជាចំនួនដ៏ច្រើននៃកូនក្តាមដែរ។
ពាក់ព័ន្ធនិងកិច្ចការនេះ លោក ណុះ យ៉េប តំណាងសហគមន៍នេសាទភូមិថ្មី ក៏បានសំណូមដល់អ្នកនេសាទក្រោយពីចាប់បានក្តាមមេពង អាចផ្តល់មកកាន់សហគមន៍ដើម្បីធ្វើការភ្ញាស់កូន ឬលែងចូលសមុទ្រវិញតែម្តង ដើម្បីរួមគ្នាក្នុងការរក្សាលំនឹងក្តាមសេះនៅក្នុងសមុទ្រកុំឱ្យមានការចុះថយបន្ថែម។(សឹង រ៉ាត់)