2025-04-07 07:40
39

(ត្បូងឃ្មុំ)៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលជួប គណៈប្រតិភូខេត្តតៃនិញ និងប៉ិញភឿក ដឹកនាំដោយលោកជំទាវ  តុង ង៉ុកហាញ់  សមាជិកបំរុង នៃគណៈកម្មាធិការ មជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្តប៉ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងខេត្តទាំងពីរ (ប៉ិញភឿក និងតៃនិញ ) ក្នុងឱកាសអញ្ជើញអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ឆ្នាំ២០២៥ ដែលនឹងខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខ។ 
ពិធីនេះធ្វើឡើង នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ដោយមានអញ្ជើញចូលរួមពីប្រតិភូ នៃខេត្តប៉ិញភឿក និងតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមេបញ្ជាការកងកម្លាំងទំាង បី ប្រភេទ ព្រមទាំង លោក-លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្ត តំណាងសាលាដំបូងខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចស្វាគមន៍ មានការសម្តែងសិល្បៈរបាំ ដែលរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ជូនអង្គពិធីទស្សនា ប្រកបដោយស្នាមញញឹម និងភាពស្និតស្នាល។
ក្នុងឱកាសនោះ ឯកឧត្ត ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តប៉ិញភឿក និងខេត្តតៃនិញ  នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកចូលរួមអបអរសាទរ ជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជកា នៃរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បន្តថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាង ខេត្តយើងទាំង ៣ រវាងខេត្ត ត្បូងឃ្មុំ-ប៉ិញភឿក និងតៃនិញ ក្នុងរយៈកាលកន្លងមកនេះ ជានិច្ចកាល បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូនល្អ និងជាប្រទេសដែលមានភូមិផងរបងជាប់គ្នា។ ជាមួយគ្នានេះ យើងក៏មិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ក្នុងនោះ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាតិកតាងយ៉ាងជាក់ច្បាស់ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ដោយបានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបខ្មៅងងឹតនេះ។
ឯកឧត្តម ប៉ែន កុសល្យ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរ តែងតែពង្រឹង និង ពង្រីក ការលើកកម្ពស់ទំនាក់ទំនង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដោយបានរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង នៃការធ្វើទំនាក់ទំនង នៃប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

លោកជំទាវ  តុង ង៉ុកហាញ់  សមាជិកបំរុង នៃគណៈកម្មាធិការ មជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្តប៉ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងតាមរយៈជំនួបថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង បី ដោយឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ «វៀតណាម-កម្ពុជា»។ ការសហការគ្នាយ៉ាងល្អប្រសើរនេះ ជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការដឹកនាំ និងការអភិវឌ្ឍ។
នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោកជំទាវ  តុង ង៉ុកហាញ់ សមាជិកបំរុង នៃគណៈកម្មាធិការ មជ្ឈឹមបក្ស និងលោក វូ វ៉ាន់មឿយ ប្រធានមន្ទីរបក្សខេត្ត និងប្រតិភូ ខេត្តទាំង ពីរ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគោរពជូនពរឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀតផងដែរ។ ក្នុងនោះ ក៏មានជាជូនកាដូអនុស្សាវរិយ៍គ្នាទៅវិញទៅមក ទទួលទានអាហារសាមគ្គី និងរាំលេងកម្សាន្ត ប្រកបដោយស្មារតីសាមគ្គីភាព និងមិត្តភាពយូរអង្វែង៕