2025-04-09 15:45
54

(កំពត ) ៖  នារសៀលថ្ងៃទី ៨ ខែមេសាឆ្នាំ២០២៥នេះឯកឧត្តម ម៉ៅធនិនអភិបាលខេត្តកំពតបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍សេវាអគ្គិសនីនិងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពតអភិបាលខេត្តកំពតបានលើកឡើងបន្តថាខេត្តកំពតក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានារយៈពេលកន្លងមកវិស័យទេសចរណ៍ត្រូវបានរៀបចំកែលម្អសោភ័ណភាពពង្រឹងការផ្ដល់សេវាកម្មផ្សេងៗប្រកបដោយគុណភាពបានខ្ពស់ជាពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តឲ្យដឹងទៀតថាទន្ទឹមនិងខេត្តដែរយើងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍និងបានគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិរួមទាំងអ្នកផ្ដល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្ដល់សេវាដោយមានភាពស្មោះត្រង់និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរណ៍ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។


ដើម្បីរក្សាបាននូវកិត្តិសព្ទ និងកេរ្តិ៍ឈ្មោះខេត្តដែលមានភាពទាក់ទាញភ្ញៀវទេសចរដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អភិបាលខេត្តកំពតបានស្នើដល់សេវករដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗ។

 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើដល់អ្នកទទួលបដិសណ្ឋារកិច្ចនៅគ្រប់ទីកន្លែងត្រូវស្លៀកពាក់សម្លៀលបំពាក់បុរាណខ្មែរដើម្បីថែរក្សាវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាបង្ហាញដល់ទេសចរបរទេស។


ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានស្នើដល់សេវាករដែលជាអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍ឱ្យបាន ៣ ចំណុចសំខាន់ៗរួមមាន៖ ទី១. ត្រូវចូលរួមគាំទ្រនូវផលិតផលដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករនៅក្នុងខេត្ត, ទី២. រួមគ្នាប្រើប្រាស់ពូជស្រូវ “នាងនូរ” ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ, និងទី៣. ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងទៀតថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ខេត្តកំពតនឹងមានភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកពីតាមណ្តារាជធានី-ខេត្តនានាមកលេងលម្ហែកម្សាន្តច្រើន ដោយសារតែខេត្តកំពតបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំថ្មីក្នុងទ្រង់ទ្រាយធំ ព្រមទាំងខេត្តមានគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤២ កន្លែង រួមនឹងសមិទ្ធផលទេសចរណ៍ឯកជាច្រើនបានលេចចេញជារូបរាង និងទាក់ទាញខ្លាំងរួមមាន៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ពិសេសសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតដែលកំពុងមានភាពទាក់ទាញ ហើយនឹងបើកដំណើរការជាផ្លូវការក្នុងពិធីកំពតសង្ក្រាន្តនេះដែរ គឺសួនបាញ់ទឹករ៉េរាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌ព្រែកកំពង់បាយផងដែរ។។(សឹង រ៉ាត់)។