2025-04-18 08:53
14


ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៥ម៉ឺននាក់ ដែលមកស្នាក់នៅលេងកម្សាន្តឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃមកនេះ។ បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រតិបត្តិករ សេវាករ និងអាជីវករខ្លះបានរក្សាតម្លៃសេវារបស់ខ្លួនយ៉ាងល្អប្រសើរ។
ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តកោះកុងមានភ្ញៀវជាតិចំនួន៤៦.៨៤៦ និងភ្ញៀវបរទេសចំនួន២.៤២៣នាក់ សរុបចំនួន៤៩.២៦៩ កើន២ម៉ឺន៩ពាន់នាក់ ស្មើនឹង១៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ដោយឡែកប្រជាពលរដ្ឋ និងអ្នកភ្ញៀវទេសចរនៅតាមទីតាំងប្រារព្ធពិធីសង្រ្កានឆ្នាំថ្មី មានដល់ទៅ៣សែន៣ម៉ឺននាក់ អំឡុងពេល៣ថ្ងៃដូចគ្នានេះ។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៥ថា មូលហេតុដែលនាំឱ្យចំនួនអ្នកទេសចរកើនឡើងយ៉ាងដូច្នេះ ក៏ព្រោះតែអាជ្ញាធរបានរៀបចំការប្រគុំតន្រ្តី តំបន់លេងល្បែងប្រជាប្រិយ ពិព័រណ៍អាហារ តំបន់ត្រជាក់ចិត្ត និងពិធីស្រង់ទឹកព្រះពុទ្ធរូប។ ម៉្យាងទៀត អាកាសធាតុក៏អំណោយផលល្អ បូករួមផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ស្ថាបនាជិតរួចរាល់ជាស្ថាពរ។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង គោលដៅអ្នកទេសចរទៅលេងកម្សាន្តច្រើនជាងគេ គឺទី១ មុខសាលាខេត្ត ព្រោះមានកម្មវិធីកម្សាន្តជាច្រើន តំបន់ឆ្នេរឃុំជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់ទេសចរកោះស្តេច ស្រុកគិរីសាគរ។ ក្រុមប្រតិបត្តិករ សេវាករ និងអាជីករមួយចំនួនធំបានរក្សាតម្លៃសេវារបស់ខ្លួនបានយ៉ាងល្អជូនអតិថិជន និងខ្លះទៀតបានបន្តតម្លើងថ្លៃសេវាស្នាក់នៅហូបចុក ប៉ុន្តែតម្លើងក្នុងតម្លៃទទួលយកបានពីភ្ញៀវទេសចរប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ថ្លែងដែរថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយភាពល្អប្រសើរពុំមានបាតុភាពអសន្តិសុខអ្វីកើតមានឡើងទេ ពោលគឺលោកចាត់ចែងបញ្ជាកងកម្លាំងជំនាញពង្រាយទៅតាមតំបន់ប្រារព្ធពិធីកម្សាន្តរីករាយ និងតំបន់សហគមន៍ទេសចរណ៍។ កន្លងទៅ លោកស្នងការនគរបាលខេត្ត ធ្លាប់លើកឡើងថា មិនអនុញ្ញាត្តឱ្យពលរដ្ឋ ឬយុវជនលេងជះទឹក ប៉ោតម្សៅ ដែលខុសទីតាំងដែលអាជ្ញាធរកំណត់រៀបចំលេងនោះទេ ករណីបង្កភាពអសណ្តាប់ធ្នាប់ណាមួយនឹងមានវិធានការច្បាប់ជាក់ជាពុំខាន៕