2025-04-19 11:56
20

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងបញ្ចូនស្ត្រីជើងខ្លាំងម្នាក់ ជាអ្នកបើកបររថយន្តស៊េរីទំនើប បង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុន ខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងចំនួន ០៥ នាក់ទៀត រងរបួសធ្ងន់ ស្រាល ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ រវាងរថយន្តម៉ាក LEXUS NX200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 បុករះម៉ូតូសណ្តោងរ៉ឺម៉ក នៅចំណុច មុខក្រុមហ៊ុន ខេហ្វ័រ ស្ថិតលើផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំពោះអ្នកបើករថយន្តបង្កមានឈ្មោះ ថូ មករា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ០៤៤ និង ០៤៥ ផ្លូវបេតុងថ្មី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ នាំខ្លួនកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីសាកសួរ និងធ្វើតេស្តជាតិស្រវឹង ជាលទ្ធផលមានជាតិអាកុល ០.73Mg/Lបច្ចុប្បន្នស្រ្តីបើកបរក្នុងស្ថានភាពស្រវឹងកម្រិតអាកុលខ្ពស់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕