
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យ ចំនួន ២ គឺ ទី១៖ អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទី២៖ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន ៩ជំពូក និង ៣៥មាត្រា ចែងអំពីបទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជា សញ្ញានគរបាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯកសណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។
សម្រាប់អនុក្រឹត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការណែនាំឱ្យសិក្សាលម្អិតបន្ថែមទៀតលើការប្រើប្រាស់សាច់ក្រណាត់ទាំងខោវ អាវ សំពត់ និងស្រោមជើង ព្រមទាំងស្បែកជើងរបស់កងកម្លាំងនគរបាល ដោយត្រូវគិតគូឱ្យបានល្អិតល្អត់លើអាកាសធាតុ និងត្រូវតែរៀបចំឯកសណ្ឋានឱ្យមានស្តង់ដារួមមួយដើម្បីអនុវត្តដូចៗគ្នា។
ដោយឡែកសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការដាក់មន្រ្តីនគរបាលជាតិកម្ពុជា ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស មានគោលបំណងកំណត់អំពីគោលការណ៍ និងនីតិវិធីនៃការដាក់មន្រ្តីនគរបាលជាតិកម្ពុជាឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស ដែលបាត់សិទ្ធិទទួលប្រាក់បៀវត្ស ឡើងឋានន្តរស័ក្ដិ ឬថ្នាក់ និងអតីតភាពការងារសម្រាប់ទទួលរបបសោធននិវត្តន៍ ដើម្បីធានានិន្តរភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
អនុក្រឹត្យនេះមាន ៥ ជំពូក និង ១៥ មាត្រា ចែងអំពីបទប្បញត្តិទូទៅ ភាពទំនេរគ្មានប្រាក់បៀវត្ស ភាពទំនេរគ្មានបៀវត្សតាមពាក្យសុំ លក្ខខណ្ឌនៃការចាប់ផ្ដើមឈប់ និងការចូលបម្រើការវិញ និងអវសាន្តប្បញ្ញត្តិ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស សម្របសម្រួលជាមួយក្រុមការងារ ដើម្បីពិនិត្យ និងកែសម្រួលចំណុចមួយចំនួនដែលផ្ដល់ធាតុចូលដោយអង្គប្រជុំ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យពន្លឿនការរៀបចំសេចក្ដីព្រាងអនុក្រឹត្យទាំងពីរនេះ ដើម្បីគោរពផ្ញើជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពិនិត្យនិងសម្រេច៕



