
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែមេសា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ (កក្រក) និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខា បានដឹកនាំគណៈកម្មាធិការសាខានិងមានការចូលរួមពីអនុសាខាកក្រកស្រុកស្វាយចេក អនុសាខាកក្រក ក្រុងសិរីសោភ័ណ ក្រុមកក្រក ឃុំសង្កាត់លោកមេភូមិ អ្នកស្ម័គ្រចិត្តកក្រក បាននាំអំណោយមនុស្សធម៌របស់សាខា សួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៤ គ្រួសារ ។
សូមបញ្ជាក់ថាគ្រួសារទាំង២៤គ្រួសារ បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះមាន÷
១~ឃុំទ្រាស ស្រុកស្វាយចេក មាន២ភូមិ ស្មើ ៦គ្រួសារ ។
២~ឃុំស្លក្រាម ស្រុកស្វាយចេក មាន២ភូមិ ស្មើ ២គ្រួសារ ។
៣~សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ មាន៥ភូមិ ស្មើ៥គ្រួសារ ។
៤~សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ មាន៤ភូមិ ស្មើ១១គ្រួសារ។
នាឱកាសសាកសួរសុខទុក្ខ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយចំពោះគ្រួសារទាំង២៤គ្រួសារ
ដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅថ្មីៗនេះ ។
ជាថ្មីម្តងទៀតលោកក៏មានការផ្តាំផ្ញើដល់បងទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ពេលមេឃរកភ្លៀង កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព។ ជាពិសេស សូមបងប្អូនត្រូវចេះថែរក្សាសុខភាព ព្រោះឥឡូវធាតុអាកាសមានការឡើងកំដៅ ខ្លាំង សូមអោយបងប្អូនពិសារទឹកអោយបានច្រើនផង។
សូមបញ្ជាក់ថា ទីតាំងចែកចាយមាន៣ទីតាំង÷
១- សាលាស្រុកស្វាយចេក មាន៨គ្រួសារ
២- សាលាសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណមាន៥គ្រួសារ
៣- សាលាបឋមសិក្សាពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មាន១១គ្រួសារ។
អំណោយ ដែលសាខានាំមកនាពេលនេះក្នុងមួយគ្រួសារៗទទួលបាន÷ អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ, មុង១,ភួយ១,សារុង១,ក្រមា១ ,និងថវិកាមួយចំនួនផងដែរ៕



