
បន្ទាប់ពីប្រជាពលរដ្ឋមកលេងស្រុកកំណើតអស់រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញតាមរថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់ខេត្តក្រចេះ ដោយមិនបង់ប្រាក់ នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។
ស្របពេលការចេញដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះត្រឡប់ទៅរាជធានីវិញ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៏បានបង្ហោះសារជូនដំណើដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈចេញពីខេត្តក្រចេះ សូមឱ្យសុខសប្បាយនិងប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ។
នៅព្រឹកនេះផងដែរ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះតំណាង ឱ្យលោកអភិបាលខេត្តក្រចេះ ក៏បានចូលរួមជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុង សាធារណៈដើម្បីត្រឡប់ទៅរាជធានីភ្នំពេញ ដឹងបានរៀបចំចែកជូនទឹកពិសារដល់ពួកគាត់ផងដែល។
គួរបញ្ជាក់ថា រថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានរៀបចំសម្រាប់ខេត្តក្រចេះចំនួន ២៥ គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋដែរមកលេងស្រុកកំណើតក្នុងខេត្តក្រចេះ និងត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញ៕



