
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមលេងកម្សាន្តសប្បាយសរុបចំនួន ១៤៥ ២៩៧នាក់ មានការកើនឡើងជាងឆ្នាំកន្លងទៅ។លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ថា រយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ១៤៥ ២៩៧ នាក់ កើនឡើង ៨.១២%។ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៤៧ ៣០០នាក់ កើនឡើង ៣.០% ភ្ញៀវទេសចរអន្តរជាតិចំនួន ៦៨១នាក់ កើនឡើង ៧.៨% និងប្រជាពលរដ្ឋក្នុងខេត្តដែលបានដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ៩៧ ៣១៦នាក់ កើនឡើង ១៤.៨%។
នៅឱកាសឆ្នាំថ្មីនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបមានចំនួន ១៤៥,២៩៧ នាក់ កើនឡើង ១០.៦៤% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលថ្មីឆ្នាំ២០២៤ មានចំនួន ១៣១ ៣២៩នាក់។
សូមបញ្ជាក់ថា សង្រ្កាន្តរតនគិរី នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋ បានចូលរួមរាំលេងកំសាន្តសប្បាយ និងលេងល្បែងប្រជាប្រិយ មានដូចជា ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ និងការសម្តែងរបាំត្រុដិ និងរបាំរបស់ជនជាតិដើមភាគតិច។
សម្រាប់សង្រ្កាន្តរតនគិរី បានចាប់ផ្តើមយ៉ាងមហោឡារឹក និងអធិកអធមនៅបរិវេណមន្ទីរវប្បធម៌ អស់ពេល ៣ថ្ងៃ។ ការរៀបចំឡើងនេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្តរតនគិរី។ នៅក្នុងបរិវេណមន្ទីវប្បធម៌ ពេលប្រារព្ធពិធី មានការសម្តែងសិល្បៈ របាំប្រពៃណីជនជាតិដើមភាគតិច របាំខ្មែរបែបបុរាណ ល្បែងប្រជាប្រិយខ្មែរ ការច្រៀងរាំកម្សាន្ត តាមចង្វាក់ខ្មែរ ជាច្រើននៅតាមថ្ងៃនីមួយៗ។ ទស្សនីយភាពទាំងអស់នេះ មានយុវជនក្មេងចាស់ ប្រុសស្រី ទាំងនៅក្នុងខេត្តរតនគិរី និងក្រៅខេត្ត ចាប់លេងពីម៉ោង ៤៖០០ នាទីរសៀលទៅរហូតទៅ ដែលជាប្រវត្តិសាស្ត្រហើយ សម្រាប់ខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា។
ការប្រព្រឹត្តទៅនៃពិធីនេះ សម្រាប់ខេត្តរតនគិរី ជនជាតិដើមភាគតិច បានមកចូលទស្សនាយ៉ាងច្រលនកុះករ មើលកម្សាន្តសិល្បៈល្បែងរបាំខ្មែរបែបខ្មែរផង ចំណែកឯជនជាតិខ្មែរ និងភ្លៀវអន្តរជាតិ ក៏បានប្លែកភ្នែក ជាមួយទស្សនីយភាពនៅរបាំវាយគង ច្រៀងរាំរបស់ជនជាតិដើមភាគតិច ដែលសម្តែងជូនទស្សនាដោយសប្បាយរីករាយផងដែរ៕


