2025-04-07 07:45
40

(កំពត)នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹកបានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍន៍ស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ខណៈដែលវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាវត្តអារាម និងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតជាដើម ទាំងនេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលសម្តេចតេជោបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ 
ថ្លែងនៅក្នុងពិធីម្ភោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តជ័យខ្ពស់ ស្ថិតនៅភូមិអង្គជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើថា បន្ទាប់ពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងមានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨  ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា  ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅក្នុងភាពសុខដុមរមនា និងមានសិទ្ធិសេរីភាព គោរពសាសនា ជំនឿ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនឡើងវិញ។ 
ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយសាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការកសាងវត្តអារាម សាលាពុទ្ធិកសិក្សាគ្រប់កម្រិត និងសមិទ្ធផលនានា ដើម្បីបម្រើដល់ការប្រតិបត្តិ និងគោរពបូជារបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងការម្ភោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តជ័យខ្ពស់នាពេលនេះ ជាសមិទ្ធផលថ្មីមូយទៀតដែលបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ (សឹង រ៉ាត់)