2025-04-07 07:55
166

សៀមរាប៖ ស្ត្រីជាមេតុងទីនម្នាក់ ត្រូវបានតុលាការខេត្តសៀមរាប ចោទប្រកាន់ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍» ដោយសារឆាតតាមបណ្តាញសង្គម ដើម្បីទាលុយពីកូនបំណុល ដែលជំពាក់ខ្លួន ទីបំផុតរងគ្រោះ ព្រោះទ្រព្យខ្លួនឯង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីជាប់ចោទមានឈ្មោះ ចិន ស្រីដា មានទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប និងបញ្ជូនទៅកាន់ពន្ធនាគារខេត្ត ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍» នៅលើបណ្តាញសង្គមហ្វេសប៊ុក។
តាមដីកាចេញដោយលោក ឃី ឆៃ ចៅក្រមជំនុំជម្រះ បានសម្រេច ផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ (គេចខ្លួន) ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ «គំរាមហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រម ឃី ឆៃ បានបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនឈ្មោះ ចិន ស្រីដា តាមអំណាចនៃសាលក្រមលេខ ១៥ “ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥  ដើម្បីយកមកអនុវត្តទោសក្នុងពន្ធនាគារខេត្តសៀមរាប ស្របតាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ 
តាមពាក្យបណ្ដឹងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុករបស់គាត់ឈ្មោះ «Vi Da» ឆាតមកគំរាមថា   “មិចហើយបងលុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំនឹងដោះស្រាយសងឱ្យខ្ញុំ និងមិនសងទេ? បើមិនដោះ គេចវេសមិនសងឱ្យខ្ញុំដឹងមួយមាត់ ស្រួលខ្ញុំដាក់

ពាក្យបណ្ដឹង ហើយឱ្យសារព័ត៌មាន រកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ” និងបន្តផ្ញើសារទៀតថា “ខ្ញុំមានទាំងសំលេងនិយាយទូរសព្ទប្រពន្ធបងវាខ្ចីលុយខ្ញុំបង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបងនិងប្រពន្ធបងមិនព្រមដោះស្រាយរឿងលុយឱ្យខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំលេងអោយអ្នកសារពត៌មានជួយចុះផ្សាយ ពីរឿងប្រពន្ធលោកផ្កាយ១ខេត្ត បន្ទាយមានជ័យ ខ្ចីលុយគេឱ្យប្តីឡើងផ្កាយហើយគេចវេសមិនសង មិនចេញមុខដោះស្រាយគឺអាច និងល្បីខ្លាំងណាបងៗ”។
សូមរំឭកថា ករណីខាងលើនេះ ស្ត្រីជាប់ចោទធ្លាប់មានទំនាក់ទំនងជាមួយប្រពន្ធលោកផ្តាយ១ម្នាក់ អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ត្រូវបានប្រមុខក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅអគ្គស្នងការនគរបាលជាតិ ក្រោយបែកធ្លាយសារសំឡេងនិយាយគ្នារឿងលុយកាត់យកទៅរត់ការ ដើម្បីចូលក្រមខ័ណ្ឌនគរបាលជាតិ បានផ្សព្វផ្សាយលើបណ្តាញសង្គម និងបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន បានយកទៅចុះផ្សាយ រហូតធ្វើឱ្យលោកផ្កាយ១ ខឹងបានរៀបចំពាក្យបណ្តឹងប្តឹងម្ចាស់លុយទៅកាន់តុលាការខេត្តសៀមរាប ដោយប្រកាន់ ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍»  តាមបណ្តាញសង្គម និងសារព័ត៌មាន មានចំណាត់ការតាមនិតិវិធីជាបន្តបន្ទាប់ រហូតដល់ដំណាក់កាលជំនុំជម្រះ ត្រូវបានលោក ឃី ឆៃ ជាចៅក្រុមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប សម្រេច ផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ «គំរាមកំហែងហែកកេរ្តិ៍»។
នេះពិតជាដូចពាក្យចាស់មួយឃ្លាបានពោលថា៖ «រងគ្រោះព្រោះទ្រព្យខ្លួនឯង» មែន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បើគេជំពាក់លុយទាតាមហ្វេសប៊ុកស្រួលមិនស្រួលត្រូវជាប់ចោទដូចករណីស្ត្រីម្នាក់នេះអញ្ចឹង៕