
ពោធិ៍សាត់៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាដល់កម្លាំងប្រដាប់ និងគណៈបញ្ជាកាខេត្តដែលពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការនេសាទដោយខុសច្បាប់ និងបញ្ជាឱ្យប្រើប្រាស់សិទ្ធការពារខ្លួន ប្រសិនបើជនល្មើសតបដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប ហើយសម្តេចជាអ្នកទទួលខុសត្រូវ។
ការព្រមានកម្ទេចក្រុមប្រព្រឹត្តិបទល្មើសនេសាទដោយខុសច្បាប់ ដែលហ៊ានតដៃជាមួយសមត្ថកិច្ចបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ នាឱកាសសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសម្ពោធរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍បន្ថែមដល់អគ្គមេបញ្ជាការកងទ័ពជើងគោក ត្រូវសហការជាមួយគណៈបញ្ជាការចម្រុះបែងចែកការងារឱ្យបានច្បាស់លាស់ និងត្រូវកំណត់ឱ្យបានច្បាស់ថា ការនេសាទរបស់ប្រជាពលរដ្ឋមានលក្ខគ្រួសារទុកឱ្យពួកគាត់ប្រកបរបចិញ្ចឹមជីវិត ប៉ុន្តែបើជាបទល្មើសនេសាទខុសច្បាប់ត្រូវតែបង្ក្រាប ធ្វើយ៉ាងណាឱ្យប្រសិទ្ធកាន់តែល្អ និងចំគោលដៅពិតប្រាកដ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖ «សម្តេចបានដឹងមានសកម្មភាពបទល្មើសនេសាទទ្រង់ទ្រាយធំ ដោយឧបករណ៍ឆក់ខុសច្បាប់ មានអ្នកប្រព្រឹត្តបទល្មើសខ្លះចង់ប្រើប្រាស់កម្លាំងដេញបាញ់តដៃជាមួយកងកម្លាំង ខ្លះបើកទូកដេញបុកសមត្ថកិច្ចពេលចុះបង្ក្រាប ដូច្នេះកងកម្លាំងប្រដាប់អាវុធមានសិទ្ធការពារខ្លួន។ ប្រសិនបើមានការបាញ់ប្រហារតដៃមកលើកងទ័ព ឬមានចេតនាបង្កឱ្យមានគ្រោះដោយប្រការណាមួយនោះ កងកម្លាំងប្រដាប់អាវុធមានសិទ្ធការពារខ្លួន ព្រោះប្រជាពលរដ្ឋធម្មតាគ្មានអាវុធក្នុងដៃនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ក្នុងករណីមានការបាញ់មកលើកងកម្លាំងសមត្ថកិច្ចត្រូវប្រើសិទ្ធតបតវិញ ដើម្បីការពារខ្លួន ហើយសម្តេចជាអ្នកទទួលខុសត្រូវ ព្រោះនេះជាការអនុវត្តច្បាប់។ សូមអ្នកចងប្រព្រឹត្តបទល្មើសនេសាទទាំងនោះ កុំព្រហើនឱ្យសោះ»៕