
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា៖ «មានកត្តា៤យ៉ាងដែលបានធ្វើពលរដ្ឋ ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥នេះ»។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ មានកត្តា ៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាចូលឆ្នាំថ្មី ២០២៥នេះ ក្នុងនោះទី១៖ កត្តាសុខសន្ដិភាព ដែលនេះគឺជាកត្តាចាំបាច់ មុនគេ ខណៈកាលពីឆ្នាំ១៩៧៥ ក្នុងឱកាសរដូវចូលឆ្នាំបែបនេះ គឺជាពេលវេលាវ៉ៃផ្ដាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ ដូច្នេះប្រជាជននៅក្នុងកាលៈទេសៈមានសង្គ្រាមនាគ្រានោះ គឺមិនអាចប្រារព្ធពិធីចូលឆ្នាំដ៏សប្បាយរីករាយដូចបបច្ចុប្បន្ននេះបានទេ។ សម្ដេចតជោ មានប្រសាសន៍ថា ជាមួយនឹងការចាត់ចែងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ប្រជាពលរដ្ឋបានធ្វើដំណើរដោយគ្មានការភ័យខ្លាចជាមួយសុខសន្ដិភាពដែលកម្ពុជាមាន។ បើយើងប្រៀបធៀបជាមួយនឹងប្រទេសដែលមានសង្គ្រាម នឹងប្រទេសខ្លួនឯងដែលធ្លាប់មានសង្គ្រាម គឺកត្តាសន្ដិភាពនេះ ចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាការពារ។
សម្ដេចតេជោបានបន្តថា៖ កត្តាទី២៖ ដែលធ្វើឱ្យប្រជាពលរដ្ឋដើរលេងគ្រប់ទីកន្លែងនោះ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលបានបង្កើតនូវទំនាក់ទំនងចរាចរអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន បើយើងប្រៀបធៀបត្រឹមឆ្នាំ ២០០០ ឬក្រោយឆ្នាំ ២០០០ បន្ដិច គឺស្ថានភាពខុសគ្នាដាច់ស្រឡះ ខណៈបច្ចុប្បន្នហេដ្ឋាចរនាសម្ព័ន្ធស្អាតល្អនៅតាមរាជធានីខេត្តបានបង្កបរិយាកាសឱ្យពលរដ្ឋបានដើរលេងកម្សាន្តនៅគ្រប់ទិសទី។
ចំណែកកត្តាទី៣៖ គឺមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ គឺមានការកើនឡើង ទោះបីថាវិបត្តិសេដ្ឋកិច្ច ក៏ប៉ុន្ដែចរាចរនៅតែស្ទះ ដែលចំណុចនេះបង្ហាញអំពីការលូតលាស់។ រីឯកត្តា ទី៤ គឺជីវភាពរបស់ប្រជាជនក៏មានការកើនឡើង តាមរយៈការដើរលេងកម្សាន្តសប្បាយចាយវាយនៅតាមខេត្ត និងតំបន់ទេសចរផ្សេងៗ ហើយចរន្តនៃការទិញលក់ ការលក់រាយក៏នៅមានចរន្តល្អ។
ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ មានប្រសាសន៍ថា ក្នុងនាមប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំរៀបចំព្រឹត្តិការសង្ក្រាន្តឆ្នាំថ្មីនៅគ្រប់រាជធានី ខេត្តជូនប្រជាពលរដ្ឋលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដើរលេងកម្សាន្តក្នុងឱកាសនេះ៕
