
ក្នុងឱកាសនៃជំនួបនេះ, លោកនាយកប្រតិបត្តិក្រុមហ៊ុន DEEM ALMASEAH បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា៖ «ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមទៀតថា៖ «ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម»។ លើសពីនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។ ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសសន៍ណែនាំពីសម្តេចបវរធិបតី អំពីវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនអាចនឹងវិនិយោគទុនបាន។
ជាការឆ្លើយតប, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះកិច្ចសហការរបស់ក្រុមហ៊ុនជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ក្នុងការវិនិយោគលើវិស័យកសិកម្ម។ សម្តេចបវរធិបតីបានបញ្ជាក់ថា «ក្រៅពីវិស័យដែលក្រុមហ៊ុនបានចាប់អារម្មណ៍វិនិយោគខាងលើ ក្រុមហ៊ុនក៏អាចពិចារណា និងសិក្សា វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ ដូចជា វិស័យកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យហិរញ្ញវត្ថុ និងវិស័យអប់រំ»។
ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកទីផ្សារជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេស ការជំរុញការនាំចេញផលិតផលកម្ពុជា ទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ផងដែរ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគលេីវិស័យអាទិភាពនានាបន្ថែមទៀត៕