2025-05-05 10:32
14

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា។ 

ក្នុងជំនួបរវាងរដ្ឋក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងរុក្ខាកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ នៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ 

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើការងារអាទិភាព ចំនួន៣ សំខាន់ៗរួមមាន៖ កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់ លើជីប៉ូតាស (potash-based fertilizer)។ ការជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅ ប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ 

ក្នុងដំណើរនៃទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចផ្ទាល់នៅ ក្រុមហ៊ុន Asia-Potash ដែលជាក្រុមហ៊ុនលំដាប់លេខ៥ ក្នុងពិភពលោកលើការផលិតជីប៉ូតាស (potash-based fertilizer)។ ដំណើរទស្សនកិច្ចនេះមានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយក ផលិតផលសម្រេចជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់ក្នុងការផលិតដីនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាមួយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី ក៏ដូចជាការងារអាទិភាព ដែលបានឯកភាពគ្នា ព្រមទាំងស្នើសុំការគាំទ្រពីឯកឧត្តមនាយករដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការទាំងនេះ។ 

ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ និងបានផ្តាំផ្ញើសួរសុខទុក្ខត្រលប់វិញជូនដល់សម្តេចមហាបវអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសង្ឃឹមថានឹងមានឱកាសជួបជាមួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានលើកឡើងពីភាពរួមគ្នា នៃចក្ខុវិស័យរបស់ប្រទេសទាំងពីរ និងបានផ្តល់គោលការណ៍ឱ្យក្រសួងកសិកម្មឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជាបន្ថែមទៀត។ 

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ បានបញ្ចប់ដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យកសិកម្មរវាងប្រទេសទាំងពីរ៕