2025-05-05 10:50
102

បាត់ដំបង៖ លោក ម៉ម សង មេភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ «ស៊ីម៉ាក់ មរតតេជោ» បានសហការគ្នាយ៉ាងស្អិតរមួត ដាក់គ្រឿងចក្រអេស្កាវ៉ាទ័រ ឡេវើឡឺ រឡូ និងរថយន្តបែនជាច្រើនគ្រឿង ចូលជីកកាយយកអាចម៍ដីលើដីកំពុងមានទំនាស់ ជាមួយក្រុមហ៊ុន អេហ្គីខលឈ័រ ហ្គ្រីនហ្វៀល ដឹកចាក់ក្រាលលើកផ្លូវថ្មីលើដី របស់ក្រុមហ៊ុន ពោលគឺផ្ទុយទៅនឹង ស.ជ.ណ. របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ។ 

ដូច្នេះមានន័យថា «ស.ជ.ណ.» របស់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាក្រសួងមហាផ្ទៃ ប្រៀបដូចជាក្រដាស ០១សន្លឹក គ្មានតម្លៃអ្វី ដើម្បីឱ្យបុគ្គលដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមអនុវត្តតាមការណែនាំនោះឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ នៅចំណុចភ្នំតូចភ្នំធំ (ឪឡោក) មានគ្រឿងចក្រជាគ្រឿងមានបិទឡូហ្គោអង្គភាព «CMAC» និង «ក្រសួងធនធានទឹក និងឧតុនិយម» បានជីកយកអាចក្រាលផ្លូវថ្មីលើដី របស់ក្រុមហ៊ុនចិន និងជីកស្រះក្នុងដីក្រុមហ៊ុនដែលរងការរំលោភបំពាន និងគ្រប់គ្រងដោយលោក ម៉ម សង មេភូមិគោករកា ឃុំដូនបា យ៉ាងរំភើយគ្មានឃើញអាជ្ញាធរស្រុកគាស់ក្រឡ ថ្នាក់ខេត្តចុះមកទប់ស្កាត់តាមបណ្តឹងស្នើសុំកិច្ចអន្តរាគមន៍របស់តំណាងក្រុមហ៊ុនឡើយ ជាពិសេសសកម្មភាពទាំងអស់នេះ គឺផ្ទុយពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់បង ចេញដោយឯកឧត្តម សុខ លូ ជាអភិបាល និង សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃតែម្តង។

រហូតមកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នេះ ផ្លូវដែលទើបលើកថ្មីលើដី របស់ក្រុមហ៊ុន អេហ្គីខលឈ័រ ហ្គ្រីនហ្វៀលជាង ១ពាន់ម៉ែត្រភ្ជាប់ទៅដីរបស់លោក ម៉ម សង មេភូមិគោករកា ធ្វើសម្រេចបានប្រមាណ ៩០ ភាគរយ ខណៈគ្មានការឯងភាពពីភាគីក្រុមហ៊ុន និងពុំមានលិខិតអនុញ្ញាតិអាជ្ញាធរពាក់ព័ន្ធស្រុក និងខេត្តឡើយ។

លោក រ៉ា ចាន់ តំណាងក្រុមហ៊ុនចិន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានឱ្យដឹងថា៖ «សកម្មភាពគ្រឿងចក្រជាច្រើនគ្រឿង មានបិទឡូហ្គោរបស់អង្គភាព “ស៊ីម៉ាក់” និងឡូហ្គោ “ក្រសួងធនធានទឹក” ដែលឈរជើងក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ គ្រប់គ្រងដោយលោក រស់ សុភា ជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់ មរតតេជោ បានចូលជីកស្រះកាយយកអាចម៍ដីមានទំនាស់ ដែលគ្រប់គ្រងដោយលោក ម៉ម សង មេភូមិគោករកា»។ តំណាងក្រុមហ៊ុន បានបានឱ្យដឹងទៀតថា៖ ពេលក្រុមការងារចុះទៅសួរនាំមេការគ្រឿងចក្រ មានរហ័សនាម «១១» អះអាងថា “គ្រឿងចក្ររបស់ ស៊ីម៉ាក់”។

លោក រ៉ា ចាន់ បានបន្ថែមទៀត៖ «ដីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់ មរតកតេជោ ពិតប្រាកដដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីរៀបចំតំបន់អភិវឌ្ឍន៍ស៊ីម៉ាក់ មានទំហំជាង ១ ២០០ ហិកតា ប៉ុន្តែលោក រស់ សុភា នាយកគ្រប់មជ្ឈមណ្ឌលនេះ បានឆ្លៀតឱកាសវាទីរំលោភយកដីរបស់អ្នកដទៃ ជាពិសេសដីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល រហូតជាង ៨០០ហិកតា ដោយអង្កន់លក់យ៉ាងអនាធិបតេយ្យក្នុងមួយប្លង់តម្លៃចាប់ពីជាង ៨០០ដុល្លារ ទៅជាង ១ ០០០ដុល្លារ ក្នុងមួយក្បាលដី ទំហំ ១ហិកតា»។

បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកគាស់ក្រឡ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ហាមបន្តការឈូសឆាយ លើដីដែលកំពុងមានទំនាស់ ដើម្បីរក្សានូវគោលការសន្តិភាព និងឈរលើគោលការសម្របសម្រួល ដោះស្រាយដោយសន្តិវិធី ជាមួយគ្នាជាបន្តទៀត នៅពេលក្រោយ ជៀសវាងមានករណីអំពើហឹង្សាកើតឡើងជាយថាហេតុ។ រដ្ឋបាលស្រុកគាស់ក្រឡ ក៏បានសង្កត់ធ្ងន់ៗថា «ក្នុងករណី ភាគីក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋ អនុវត្តន៍ផ្ទុយពី សេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់»។

យោងតាម «ស.ជ.ណ.» លេខ១២៦ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ក្រោយបានធ្វើការអង្កេតស្រាវជ្រាវរួចមក ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដីរដ្ឋ ក្នុងនាមជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ ធ្វើការណែនាំរដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលឃុំដូនបា ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ព្រមទាំងបញ្ឈប់ការចេញលិខិតបញ្ជាក់ការទិញ-លក់ និងការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើដីទំនាស់នេះ»។ 

ចំណែក «ស.ជ.ណ.» លេខ៥៣៩/២៤ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖ «រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ណែនាំដល់មន្ត្រីក្រោមឱវាទ និងរដ្ឋបាលឃុំដូនបា ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច របស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបញ្ឈប់ការចេញលិខិតបញ្ជាក់ការទិញ លក់ និងការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើដីទំនាស់នេះ»។

ពាក់ព័ន្ធទំនាស់ដីធ្លីដ៏រាំរ៉ៃ រវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ជាង ៣០០ គ្រួសារ និងអង្គភាព CMAC លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ហាក់ប្រងើយកន្តើយក្នុងការសម្របសម្រួលដោះស្រាយ ឬគ្មានវិធានការ ដើម្បីទប់ស្កាត់ តាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ ដែលបានចាត់ឱ្យរដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់រាល់ការ កាប់ទន្ទ្រាន និងសាងសង់ថ្មីបន្តទៀត ព្រមទាំងទប់ស្កាត់រាល់ការចុះហត្ថលេខានានារបស់អាជ្ញាធរមូលដ្ឋាននៅលើដីទំនាស់នេះផងដែរ។    

លោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានបញ្ជាក់ថា៖ «ដីរបស់ក្រុមប្រមាណជាង ៨០០ ហិកតា ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កំពុងមានទំនាស់ជាមួយអង្គភាពស៊ីម៉ាក់ មិនទាន់ដោះស្រាយគ្នាចប់នៅឡើយទេ។ ចំពោះដីមួយចំនួនដែលកំពុងមានទំនាស់ត្រូវបានអ្នកគ្រប់គ្រងអង្គភាពស៊ីម៉ាក់ ក្នុងតំបន់នេះ បានស៊ីញ៉េលើលិខិតលក់-ទិញ ដោយគ្មានការដឹងឭពីសំណាក់អាជ្ញាធរមូលដ្ឋាន និងស្រុកឡើយ ដែលអាចចាត់ទុកថា ជាការរំលោភកិច្ចការងារ រដ្ឋបាលភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីជំនាញជាដើម។ ជាដីកំពុងមានទំនាស់ មិនទាន់បានដោះស្រាយបញ្ចប់ ហើយមានដីកាសម្រេចរក្សាការពារពីតុលាការទៀត។ បើលក់ដីបែបនេះ ស្មើនឹងបទលួចលក់ដីអ្នកដទៃដោយចេតនា និងការរំលោភបំពានលើដីកាសម្រេចរក្សាការពាររបស់តុលាការថែមទៀត»។

លោកមេធាវីបានបញ្ជាក់ទៀតថា៖ «ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានប្រមូលទិញដីកសិកម្មពីគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយស្របច្បាប់ ដោយមានការទទួលស្គាល់ពីមេភូមិ មេឃុំ អភិបាលស្រុក និងមន្ត្រីជំនាញភូមិបាល ប៉ុន្តែចុងក្រោយត្រូវបានជនឆ្លៀតឱកាសបំផុសបំផុល និងគៀងគរប្រជាពលរដ្ឋចូលទៅរំលោភបំកាន់កាន់កាប់ស្ទើរអស់ទាំងស្រុង បង្កឱ្យមានទំនាស់រ៉ាំរៃរហូតដល់បច្ចុប្បន្ននេះ ហើយពេលនោះលោកបានដាក់បណ្តឹងស្នើសុំកិច្ចអន្តរាគមន៍គ្រប់ស្ថាបនពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយបញ្ចប់ទំនាស់ ប៉ុន្តែមិនទាន់មានលទ្ធផលទេ ព្រោះអាជ្ញាធរស្រុក ខេត្ត និងស្ថាបនពាក់ព័ន្ធហាក់គ្មានជំហក្នុងការសហការដោះស្រាយលើរឿងនេះទាល់តែសោះ»។

លោកមេធាវី អ៊ុម វ៉ារី បានសំណូមពរដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយពិនិត្យលើករណីទំនាស់ដីធ្លីរបស់ក្រុមហ៊ុន ជាមួយប្រជាពរដ្ឋ និងអង្គភាពស៊ីម៉ាក់ផង ដើម្បីពន្លឿនការដោះស្រាយបញ្ចប់ទំនាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដើម្បីបញ្ចប់ទំនាស់ដីធ្លីនៅក្រមខណ្ឌទូទាំងប្រទេស៕