2025-05-23 09:23
12

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈបាល់ខេត្តពោធិ៍សាត់បានដឹកនាំមន្ត្រីដែលពាក់ព័ន្ធចូលរួមអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ត តៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 

ខេត្តពោធិ៍សាត់ៈឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំលោកអភិបាលរង លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងលោកប្រធានមន្ទីរពាក់ព័ន្ធ ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ខេត្ត តៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅវេទិកាសាលាខេត្តពោធិ៍សាត់។

មានប្រសាសន៍ជួបសំណេះសំណាល ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការដោយបង្កើនការទំនាក់ទំនងមិត្តភាពរវាងសមាគមអតីតយុទ្ធជនពោធិ៍សាត់ តៀនយ៉ាង ។ ក្នុងដំណើរទស្សនកិច្ច ផ្លាស់ប្ដូរបទពិសោធន៍ការងារ របស់សមាគមអតីតយុទ្ធជន គឺទទួលបាននូវបទពិសោធន៍ក្នុងការរៀបចំតំបន់ទេសចរណ៍ បច្ចេកទេសកសិកម្ម និងភាពឆ្នៃប្រឌិតក្នុងការបង្កបង្កើនផលបានល្អ ហើយខេត្តពោធិ៍សាត់គឺបានរៀបចំ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង លើការអភិវឌ្ឍន៍ កសាងលំនៅដ្ឋានជូនបងប្អូនអតីតយុទ្ធជន នៃខេត្តប្រមាណ ជាង៦០០គ្រួសារ ក្រោយការផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល ។ ឯកឧត្តមអភិបាល បានបន្ថែម ដំណើរទស្សនកិច្ច របស់ឯកឧត្តម ង្វៀន វ៉ាន់ វិញ ដែលដឹកនាំគណៈប្រតិភូ មកកាន់ខេត្តពោធិ៍សាត់ ដើម្បីពង្រឹង សាមគ្គីភាព កាន់តែរឹងមាំ និងល្អប្រសើរបន្ថែមទៀត ក្រោមគោលនយោបាយរបស់ប្រទេសទាំង២ ក្នុងការរួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាផ្នែកពាណិជ្ជកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ អប់រំកីឡា សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមកិច្ចជាដើម ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរអរគុណ ចំពោះការអញ្ជើញចុះទស្សនកិច្ច មកកាន់ខេត្តពោធិ៍សាត់ និងបានជូនពរដល់គណៈប្រតិភូ ជួបប្រទះ តែពុទ្ធពរ ទាំងបួនប្រការ និងដំណើរវិលត្រឡប់ទៅប្រទេសវិញជួបតែសុខសប្បាយ ។

ឯកឧត្តម ង្វៀន វ៉ាន់ វិញ ប្រធានគណៈប្រតិភូ វៀតណាម បានថ្លែងអំណរអរគុណ នូវទទួលយ៉ាងរាក់ទាក់ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គោលបំណងសួរសុខទុក្ខ និងរឹតចំណងមិត្តភាពរវាងអតីតយុទ្ធជន តៀនយ៉ាង ពោធិ៍សាត់ ។ ក្នុង២០១២ ខេត្តទាំងពីរបានចុះកិច្ចព្រមព្រាង លើវិស័យកសិឧស្សាហកម្ម ដែលបង្កលក្ខណៈឲ្យអាជីវករ ក្នុងការដាំដុះ និងនាំចេញនូវកសិផល ទៅវិញទៅមក ប៉ុន្តែដោយមានការវិបាក ការងារគឺមិនសូវមានចរាចរណ៍ទៅមកប៉ុន្មានទេ ដោយសាររាំងស្ទះ នៃវិបត្តិកូវីដ ១៩ ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកបានឃើញនូវការរីកចម្រើន នៃវឌ្ឍនភាព ខេត្តពោធិ៍សាត់ បានល្អប្រសើរ ទងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក និងការវិវត្តរីកចម្រើន លើជីវភាពប្រជាជន នៅខេត្តពោធិ៍សាត់ផងដែរ។ ក្នុងឱកាសនោះដែរ គណៈប្រតិភូ ពោធិ៍សាត់ តៀនយ៉ាង បានប្រគល់នូវវត្ថុអនុស្សាវរីយ៍រវាងគ្នាទៅវិញទៅមកផងដែរ ៕ លាន គ្រន