
ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង ទៅចូលរួមវេទិកាដឹកជញ្ជូនអន្តរជាតិប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅពីថ្ងៃទី ២១-២៣ ខែឧសភា ឆ្នាំ ២០២៥ នៅទីក្រុងឡៃបស៊ីក ប្រទេសអាល្លឺម៉ង់ ក្រោមប្រធានបទ « ការពង្រឹងភាពធន់នៃវិស័យដឹកជញ្ជូន ដើម្បីឆ្លើយតបនឹងស្ថានភាពវឹកវរសាកល» (Enhancing Transport Resilience to Global Shocks) ដែលមានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី មកពីប្រទេសចំនួន ៦៨ ថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ ចំនួនជាង ៤០ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន សរុបចំនួនជាង ១ ០០០ នាក់។
វេទិកាខាងលើនេះបានលើកយកបញ្ហាប្រឈមជាសាកល ដែលវិស័យដឹកជញ្ជូន បាន និងកំពុងជួបប្រទះ មកពិភាក្សា ដូចជាគ្រោះធម្មជាតិបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ គ្រោះថ្នាក់ចរាចរណ៍ ភូមិសាស្រ្តនយោបាយ កង្វះថវិកាសម្រាប់ការអភិវឌ្ឍ ។ ប្រតិភូចូលរួម បានចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ ទាំងក្របខ័ណ្ឌគោលនយោបាយ បច្ចេកទេស និងនវានុវត្តន៏ សម្រាប់ដោះស្រាយបញ្ហាទាំងនេះ។
ដោយឡែក ឯកឧត្តម ឡេងធនយុទ្ធា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាបញ្ហាពាក់ព័ន្ធទៅនឹងភាពធន់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយបានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យដឹកជញ្ជូន ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលកន្លងទៅទាំងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងគោលនយោបាយ និងការអនុវត្តនានា ដើម្បីឆ្លើយតបទៅនឹងផលវិបាកបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដូចជាការវិនិយោគទៅលើភាពធន់នៅក្នុងគម្រោងក្របខ័ណ្ឌជាតិ និងថ្នាក់ក្រោមជាតិ (មូលនិធិឃុំ-សង្កាត់) ការពង្រឹងគុណភាពផ្លូវថ្នល់ ការពង្រឹង និងពង្រីកការតភ្ជាប់ ការអនុវត្តផែនការយុទ្ធសាស្រ្តបម្រែបម្រួលអាកាសធាតុ (CCCSP) និងផែនការបន្សាំ (NAP) ។
ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ ដែលជាចលករជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា រហូតមកទល់បច្ចុប្បន្ននេះ
សូមជម្រាបជូនថា វេទិកាដឹកជញ្ជូនអន្តរជាតិ គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រទេសសមាជិកចំនួន ៦៩ ដែលក្នុងនោះមានកម្ពុជាផងដែរ ហើយអង្គការនេះដើរតួជាអ្នកគិតគូរសម្រាប់គោលនយោបាយដឹកជញ្ជូន និងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីដឹកជញ្ជូន៕


