2025-05-27 17:55
34

ពោធិ៍សាត់ៈ នៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ សាខឿន សាវ៉ាតឌី អនុប្រធានអគ្គនាយក និងជាអគ្គលេខាធិការរងនៃគណៈកម្មការជាតិប្រឆាំងទារុណកម្ម បានដឹកនាំក្រុមការងារ មកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើនីតិវិធីក្នុងការឃាត់ខ្លួន និងលក្ខខណ្ឌនៅបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្នសម្រាប់ជនសង្ស័យ ការចុះត្រួតពិនិត្យនេះ មានគោលបំណងធានាថា ការឃាត់ខ្លួន និងការប្រតិបត្តិការចំពោះជនសង្ស័យត្រូវអនុវត្តតាមច្បាប់ជាតិ និងស្ដង់ដារអន្តរជាតិក្នុងការការពារសិទ្ធិមនុស្ស។ 

ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ បានពិនិត្យលក្ខខណ្ឌបច្ចេកទេសនៃបន្ទប់ឃាត់ខ្លួន សុខាភិបាលនៃជនសង្ស័យ ស្ថានភាពអនាម័យ និងឯកសារពាក់ព័ន្ធ នៃការឃាត់ខ្លួនឱ្យបានត្រឹមត្រូវ។ ក្រុមការងារបានផ្តល់យោបល់បន្ថែមអំពីការកែលម្អផ្លូវការនិងសកម្មភាពអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការពារសិទ្ធិមនុស្ស និងការពារសកម្មភាពទារុណកម្ម ។ លោកជំទាវ សាខឿន សាវ៉ាតឌី បានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធបន្តមានការប្រុងប្រយ័ត្ន និងអនុវត្តតាមគោលការណ៍ច្បាប់យ៉ាងម៉ឺងម៉ាត់លើគ្រប់នីតិវិធី។ ការចុះត្រួតពិនិត្យនេះ ជាផ្នែកមួយនៃយុទ្ធនាការរបស់គណៈកម្មការជាតិប្រឆាំងទារុណកម្ម ក្នុងការការពារសិទ្ធិមនុស្ស និងបង្កើនសតិភាពចំពោះសិទ្ធិជនសង្ស័យទាំងអស់ ៕ លាន គ្រន