2025-05-27 17:58
36

ព្រះសីហនុ៖ មុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន រឹបអូសគ្រឿងញៀន ជិត ២គីឡូក្រាម។

តាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២១និង៥០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូងខេត្តព្រះសីហនុ លោក អ៊ីវ ត្រាយ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅផ្សេងៗគ្នា គឺគោលដៅទី១៖ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ អនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និង᧢ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្ត ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនជនល្មើស បានចំនួន ០៥នាក់ ស្រី០១នាក់ ក្នងនោះមាន ជនជាតិជាវៀតណាម ០២នាក់ (ស្រី០១) ជនជាតិចិន ០២នាក់ និងជនជាតិខ្មែរ១នាក់។ វត្ថុតាងចាប់យក គ្រឿងញៀន ប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥០,៨៤ ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ១ គ.ក្រ ៩៣៩,០៧ ក្រាម សរុបរួមសារធាតុញៀន ទម្ងន់ ១ គ.ក្រ ៩៨៩,៩១ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុតាមនីតិវិធី៕