
ភ្នំពេញ៖ ក្រុមគ្រូមន្តអាគមមានបារមីសន្ថិត ជ្រកក្រោមសាសនា បានធ្វើសកម្មភាព សោចទឹក ស្តោះផ្លុំ រំដោះគ្រោះ ដោះអំពើអាបធម្មប់ រួចថតវីដេអូបង្ហោះលើបណ្តាញសង្គម បង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានមន្ទីរធម្មការ និងសាសនា សហការជាមួយអាជ្ញាធដែនដី ចុះណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឃប់សកម្មភាពជាបន្ទាន់។
ជាក់ស្តែងនៅរសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំ លោក រេម សារ៉ុម ហៅ «លោកឪជ័យធន» និងអ្នកស្រី ផេង គន្ធា ហៅ «អ្នកគ្រូដូងកែវ» ឲ្យបញ្ឈប់ធ្វើសកម្មភាពបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គមនានា។
មន្ត្រីជំនាញ និងអាជ្ញាធរ បានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។
បុគ្គលទាំងពីរនាក់បានទទួលនូវកំហុស និងយលព្រមលប់វីដេអូទាំងអស់ដែលបានបង្ហោះចោលទាំងអស់ ព្រមទាំងសន្យាបញ្ឈប់រាល់ធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា ទំនាមទំលាប ប្រពៃណី វប្បធម៌ និថតថភាពសង្គមបន្តទៀតហើយ៕


