2025-06-05 17:57
41

ថៃ៖   ជាការឆ្លើយតបទៅនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកស្រី Paetongtarn Shinawatra បានថ្លែងបញ្ជាក់ថា៖ «រដ្ឋាភិបាលរបស់លោកស្រីមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេនោះទេ»។

លោកស្រី Paetongtarn បានបញ្ជាក់ថា៖ «លោកស្រីបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងឧបនាយករដ្ឋមន្ត្រី លោក Bhumitham Vechai រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបានអំពាវនាវឱ្យរាយការណ៍អំពីការវិវត្តថ្មី និងតាមដានស្ថានការណ៍ព្រំដែន នៅខេត្ត Ubon Ratchathani ឱ្យបានដិតដល់ និងយកចិត្តទុកដាក់បំផុត»។

លោកស្រីបញ្ជាក់ថា៖ «រដ្ឋាភិបាលថៃ ទទូចឱ្យមានការចរចារ និងដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ដោយគោរពអធិបតេយ្យភាព និងទឹកដីទៅវិញទៅមក»។លោកស្រី Paetongtarn បានបន្ថែមថា៖ «ក្នុងករណីដែលកម្ពុជាមានបំណងស្នើតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យដើរតួនាទីណាមួយនោះរដ្ឋាភិបាលថៃស្នើសុំថា ថៃមិនបានផ្តល់នូវការទទួលស្គាល់ចំពោះយុតាធិការរបស់ ICJ ក្នុងសំណុំរឿងដែលមានវិវាទតាំងពីឆ្នាំ១៩៦២ រហូតមកដល់បច្ចុប្បន្ន»។ លោកស្រីសូមបញ្ជាក់សារជាវិញថា៖ «បញ្ហាដែលលើកឡើងគួរតែត្រូវបានដោះស្រាយតែក្នុងតំបន់ដែលរងផលប៉ះពាល់តែប៉ុណ្ណោះ។ មិននិយាយបំផ្លើសអំពីបញ្ហានោះទេ»។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានថ្លែងបញ្ជាក់ថា៖ «រដ្ឋាភិបាលថៃនៅតែប្រកាន់ខ្ជាប់យន្តការចរចាទ្វេភាគី តាមយន្តការដែលមានស្រាប់ ដែលបានព្រមព្រៀង និងរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ»៕