
ថៃ៖ កងព័ទថៃបានឈ្លានពានរំលោភដែនដីកម្ពុជា នៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៥និង៣០នាទីព្រឹក ឈានដល់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធមួយប្រាវ រវាងកងទ័ពកម្ពុជា-ថៃ ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមុន មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានកម្ពុជាម្នាក់ ពលីជីវិតក្នុងការការពារបូរណៈភាពទឹកដី ហើយតំបន់ដែលយោធាកម្ពុជាឈរជើងនេះត្រូវបានទទួលស្គាល់ថាជា “ប៉ុស្តិ៍យោធាកម្ពុជា” ជាយូរមកហើយ។
ជាមួយគ្នានេះរាជរដ្ឋាភិបាលថៃបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបកម្ពុជា ចង់ត្រឹមចរចាបញ្ហាព្រំដែនត្រឹមលក្ខណៈទ្វេភាគីប៉ុណ្ណោះ និងបញ្ជាក់ថាប្រទេសថៃមិនបានទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) នោះទេ ចាប់តាំងពីឆ្នាំ ១៩៦០ រហូតមកដល់បច្ចុប្បន្ននេះ ដោយក្នុងសេចក្តីថ្លែងការណ៍ជាលើកទីពីរ របស់រដ្ឋាភិបាលថៃ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់ក្របខ័ណ្ឌទេ្វភាគី 'JBC' នៅគ្រប់កម្រិតដើម្បីដោះស្រាយបញ្ហារវាងគ្នាទៅវិញទៅមក។
ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាជំហឥតងាករេ បញ្ជូនបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ «តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី» ទៅតុលាការយុតិ្តធម៌អន្តរជាតិ ( ICJ ) នៅទីក្រុងឡាអេ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ ។ ព្រោះតំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច មានភាពប្រពិចស្រពិល និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹសភាបានបញ្ជាក់ថា បញ្ហាព្រំដែន កម្ពុជា-ថៃ រដ្ឋាភិបាលបានចំណាយពេលវេលាដោះស្រាយលក្ខណៈកិច្ចព្រមព្រៀងទ្វេភាគីអស់រយៈពេល២៥ឆ្នាំហើយ តែមិនបានលទ្ធផលនោះទេ ។
ស្រាប់តែនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩: ៣០នាទី ម្សិលមិញនេះ ឧត្តមសេនីយ៍ T. Winthai Suwaree អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងកម្ពុជាជុំវិញការប៉ះទង្គិចគ្នារវាង ទាហានខ្មែរ និងថៃ នៅតំបន់ចុងបូកដែលបានបណ្ដាលឲ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិតនាពេលកន្លងទៅនោះ គឺមិនពិតទេ ដោយទាហានថៃមិនបានធ្វើការវាយប្រហារទៅលើកងទ័ពកម្ពុជាមុននោះទេ។ ពោលគឺកម្ពុជាជាអ្នកចូលទៅឈ្លានពានមុន ហេតុដូច្នេះហើយទើបបានជាកងទ័ពថៃត្រូវបាញ់ដើម្បីការពារខ្លួនវិញ ក្នុងករណីដែលកងទ័ពខ្មែរបានចូលឈ្លានពានអធិបតិយ្យភាពថៃមុន។
លោក វិនថៃ បានបន្ថែមទៀតថា នៅក្នុងព្រឹត្តិការណ៍នៃជម្លោះនោះ ភាគីថៃបានព្យាយាមដំណើរការតាមរយៈយន្តការចរចាររវាងអង្គភាពយោធានៅក្នុងតំបន់ ដូចដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាកន្លងមក ប៉ុន្តែគឺភាគីកម្ពុជាទេដែលមិនចូលរួមសហការទើបបណ្ដាលឲ្យកើតមានបញ្ហាធ្ងន់ធ្ងរបែបនេះបានកើតឡើង។ អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃរូបនេះបានបន្តទៀតថា គេបានឃើញកងទ័ពខ្មែរមានអាវុធបានចូលលុកលុយ និងដាក់កម្លាំងនៅក្នុងតំបន់នៃប្រទេសថៃ ដោយភាគីថៃបានរៀបចំកម្លាំងតូចមួយប៉ុណ្ណោះដើម្បីល្បាតនៅតំបន់នោះ ប៉ុន្តែភាគីកម្ពុជាបែរជាបានប្រើអាវុធដើម្បីសងសឹកទៅលើកងទ័ពថៃ។ ដូច្នេះហើយទើបបានជាមានការប៉ះទង្គិចគ្នាបានកើតឡើង។
ជាចុងក្រោយមុនបញ្ចប់ការថ្លែងការណ៍ខាងលើ ឧត្តមសេនីយ៍ វិនថៃ បានឆ្លៀតបញ្ជាក់ថា បច្ចុប្បន្នកងទ័ពភូមិន្ទថៃកំពុងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការយោធាកម្រិតខ្ពស់ ដើម្បីគាំទ្រករណីដែលចាំបាច់ត្រូវចាត់វិធានការយោធា ដើម្បីទប់ទល់នឹងបញ្ហានៃការរំលោភលើអធិបតេយ្យភាពថៃ។ ម្យ៉ាងវិញទៀត អគ្គបញ្ជាការកងទ័ពភូមិន្ទថៃ ក៏បានបញ្ជាឱ្យគ្រប់អង្គភាព ត្រៀមលក្ខណៈឱ្យបានខ្ពស់ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពមួយដែលអាចឈានដល់កម្រិតនៃការប្រើប្រាស់កម្លាំងយោធា តាមផែនការការពារជាតិក្នុងការឆ្លើយតបចំពោះករណីរំលោភបំពានលើអធិបតេយ្យភាព ក្នុងតំបន់ដែលភាគីទាំងពីរកំពុងទទួលខុសត្រូវរៀងខ្លួន នៅពេលដែលគ្រប់ភាគីទាំងពីរបានខិតខំដោះស្រាយបញ្ហាតាមសន្តវិធីតែមិនបានជោគជ័យ៕





