2025-06-07 13:12
20

ថៃ៖ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ជាលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរ បានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ លើសពីនេះ ក្នុងការពិភាក្សានេះ ភាគីថៃបានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ។ ឆ្លើយតបចំពោះការស្នើសុំនេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា  បានបញ្ជាក់ថា ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ  ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ដោយភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។ ម្យ៉ាងវិញទៀត ដរាបណាភាគីថៃនៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះនិងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំ ។

ក្រោយពីជំនួបពិភាក្សារវាងឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ រួចមក នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងជំនួបខាងលើជាមួយ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ដោយលោក Phumtham Wechayachai បាននិយាយថា បន្ទាប់ពីកិច្ចពិភាក្សារួចមក មានព័ត៌មានមួយចំនួនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមានភាពមិនត្រឹមត្រូវទាក់ទងនឹងខ្លឹមសារដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ។ លោកបានបន្តថា "វាជារឿងគួរឲ្យសោកស្ដាយដែលសំណើដ៏ល្អមួយដែលនាំឲ្យមានការបន្ធូរបន្ថយ និងសន្តិភាពត្រូវបានបដិសេធ។ លើសពីនេះទៅទៀត មានកម្លាំងយោធាកើនឡើង ដែលធ្វើឲ្យភាពតានតឹងកាន់តែខ្លាំង។ ដូច្នេះ ថៃក៏ត្រូវបង្កើនវិធានការ និងពង្រឹងកម្លាំងរបស់យើងដែរ។"

ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក Phumtham Wechayachai ក៏បានបញ្ជាក់ពីគោលជំហរបស់លោក ដូចដែលលោកបានពិភាក្សាជាមួយ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ថា៖

 ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យមានការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនដោយហេតុផលណាក៏ដោយ ហើយត្រៀមខ្លួនជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃដោយការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។

  ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្ញុំ ចំពោះកងកម្លាំងប្រដាប់អាវុធក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានពេញលេញ និងផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ដែលបំពេញកាតព្វកិច្ចការពារទឹកដីថៃ។ ខ្ញុំសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់ភាគីថៃ នឹងផ្តល់អាទិភាពដល់អាយុជីវិត សុវត្ថិភាព និងសន្តិភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែន និងបុគ្គលិកដែលលះបង់ខ្លួនឯងដែលកំពុងបំពេញកាតព្វកិច្ច។

 រដ្ឋាភិបាលថៃមិនបានទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចាប់តាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ ដោយទទូចថាកិច្ចប្រជុំ JBC គឺជាវេទិកាសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

  ប្រទេសថៃសូមរំលឹកឡើងវិញនូវជំហរដើមរបស់ខ្លួន ដែលអំពាវនាវឱ្យភាគីទាំងសងខាងកែតម្រូវកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ ឱ្យត្រឡប់ទៅទីតាំងដើមដូចដែលបានអនុវត្តក្នុងឆ្នាំ ២០២៣។

ជាចុងបញ្ចប់នៃសេចក្ដីថ្លែងការណ៍ លោកឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិថៃបានរំឭកថា ជាចុងក្រោយ លោកចង់បញ្ជាក់ជាថ្មីថា លោកមិនដែលយល់ស្របនឹងទង្វើរបស់អ្នកណាដែលរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះទេ។ ដោយរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារ និងថែរក្សាអធិបតេយ្យភាពរបស់ប្រទេសឱ្យអស់ពីលទ្ធភាព៕