2025-06-13 18:17
164

ពោធិ៍សាត់ % នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោះប្រជុំបន្ទាន់មួយជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបី ពាក់ព័ន្ធនឹងស្ថានភាពតានតឹងតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមរថយន្ត ស្បៀងអាហារ កំណត់ទីតាំងសុវត្ថិភាព ថ្នាំពេទ្យ សម្ភារៈ និងថវិកា សម្រាប់ជម្លៀសប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ស្ថិតនៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ពោធិ៍សាត់ ដែលជាប់ព្រំដែននឹងខេត្តត្រាត ប្រទេសថៃ។

ការត្រៀមលក្ខណៈរបស់អាជ្ញាធរខេត្តពោធិ៍សាត់ពេលនេះ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញវិធានការឆ្លើយតបនឹងភាពព្រហើនរបស់ភាគីថៃ ដែលព្យាយាមដាក់សម្ពាធមកលើកម្ពុជា ដូចជាការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ 

អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច មិនដល់១២ម៉ោងផង រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការឆ្លើយតបថៃចំនួន៣ គឺឈប់ទិញអ៉ីនធើណិត ឈប់បញ្ចាំងភាពយន្តថៃ និងចុងក្រោយ គឺការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាទាំងយប់ថ្ងៃទី១២ ខែមិថុនា ឱ្យក្រសួងស្ថាប័នកម្ពុជា ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត បើសិនមានការគំរាមកំហែងពីភាគីថៃមកកម្ពុជា។
ប្រមុខរដ្ឋាភិបាល ក៏បានដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រៀមទទួលយកពលករ ដែលអាចនឹងវិលត្រឡប់ពីប្រទេសថៃ ក៏ដូចជាត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីកើតមានហេតុការជាយថាហេតុនៅតាមខ្សែបន្ទាត់ព្រំដែន។ ដោយមានបទបញ្ជានេះ អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមរួចជាស្រេច ដើម្បីអនុវត្តលើការងារនេះ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សង្កត់ធ្ងន់ថា ពេលនេះដំណាក់កាលដែលជនរួមជាតិត្រូវរូបរួមសាមគ្គីគ្នាមួជើងខោ លាត់ដៃអាវ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការកើតឡើងជាយថាហេតុនៅតាមបណ្តោយព្រំដែនកម្ម្ពុជា-ថៃ គឺជួយអន្តរាគមទាន់ពេលវេលា។ ទន្ទឹមនេះយើងក៏ត្រូវនាំគ្នាផ្តល់ការលើកទឹកចិត្តដល់វរកងទ័ពនៅសមរភូមិ ដោយផ្សារភ្ជាប់ជាមួយសមរភូមិក្រោយផងដែរ៕