2025-06-21 10:39
6

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា៖ «ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ»។ 

លោកបានបន្ថែមថា៖ «ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស»។

លោក ប៉ែន បូណា បានបញ្ជាក់ថា៖ «រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាន និងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង»។

លោកបានបញ្ជាក់ទៀតថា៖ «ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាទុកចិត្តលើថ្នាក់ដឹកនាំហើយជួយចូកជួយចែវ និងសូមកុំយកជើង រាទឹក»៕