2025-07-02 18:09
20

ភ្នំពេញ៖ ជនឆបោកប្រុស-ស្រី ក្រោមរូបភាពលក់-ទិញផ្លែទុរេន  តាមអនឡាញ ចំនួន ០២ នាក់ ត្រូវបានកម្លាំងនគរបាលនាយករដ្ឋប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនគរបាលជាតិ បង្ក្រាប និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។ 

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ រូប រួមមានឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។ 

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ ចំនួន ០៣ នាក់។ ចំពោះជនសង្ស័យ ០២នាក់ដែលឃាត់ខ្លួនខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ០២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឲ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕