2025-07-05 11:39
10

ភ្នំពេញ៖ អគ្គរដ្ឋបាលគយនៃប្រទេសចិន (GACC) បានអនុញ្ញាតជាផ្លូវការ ដើម្បីធ្វើការនាំចេញផ្លែទុរេនស្រស់ដោយផ្ទាល់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ «កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាភាលពីខែមេសា»។

សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២ កន្លែង និងរោងចក្រវេចខ្ចប់ ចំនួន ៣០ កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។

ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។

ក្រសួងជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។

ក្រសួងបានបញ្ជាក់ថា៖ «មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន»។ 

ក្រសួងប្រាប់ដល់ម្ចាស់ចម្ការទុរេន រោងចក្រវេចខ្ចប់ និងអ្នកពាក់ព័ន្ធទាំងអស់ទទួលជ្រាប និងបន្តកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដើម្បីជំរុញផលិតកម្ម ការវេចខ្ចប់ និងការនាំចេញផ្លែទុរេនស្រស់កម្ពុជាឱ្យទទួលបានជោគជ័យយូរអង្វែង៕