
ត្បូងឃ្មុំ៖ ករណីអំពើ «ឃាតកម្ម» សម្លាប់មនុស្សដោយការធ្វើទារុណកម្មយ៉ាងសាហាវព្រៃបំផុត និងកាត់លិង្គ រួចយកសាកសពទៅបោះចោលនៅក្នុងរណ្តៅដីមួយកន្លែង ស្ថិតនៅខាងលិចវត្តសមា្មធិ ស្រុកពញាក្រែក បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការភ្ញាក់ផ្អើលខាងលើនេះ កើតមានឡើងកាលពីវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ចំណុចរណ្ដៅដីមួយកន្លែង ខាងលិចវត្តសមា្មធិ ក្នុងភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គិតត្រឹមរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ សពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ បានដើរទៅរកត្រី នៅចំណុច រណ្ដៅដីក៏ធុំក្លិនស្អុយ និងបានប្រទះឃើញសពមនុស្សប្រុស ០១នាក់ ត្រូវបានជនមិនស្គាល់មុខយកកប់ចោល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានព្រមទាំងលោកអធិការនគរបាលស្រុកពញាក្រែកសហការជាមួយមន្ត្រីជំនាញចុះទៅកន្លែងកើតហេតុ និងយកខ្សែឡោមព័ទ្ធទីតាំងកើតហេតុ ដើម្បីហ៊ុព័ទ្ធការពារជុំវិញកន្លែងកើតហេតុ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ជាលទ្ធផលនៃការពិនិត្យស្រាវជ្រាវ ពិនិត្យលើសាកសព បានបញ្ជាក់ថា៖ «សពជនរងគ្រោះអាចស្លាប់ចម្លោះប្រហែល០៧ថ្ងៃ ព្រោះមានសភាពហើមស្អុយរលួយទៅហើយ។ អវៈយវៈដៃ និងជើងទាំងអស់មានស្លាកស្នាមជាំ បាក់.ក និងកាត់លិង្គសង្ស័យជាករណីឃាតកម្ម។ តាមការពិនិត្យលើភិនភាគសាកសពជនរងគ្រោះអាចជាជនជាតិចិន មានអាយុប្រហែលជាង ៣០ឆ្នាំ»។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបង្កើតគណៈកម្មការ ដើម្បីកប់សព នៅបរិវេណមុខវត្តសមាធិ ក្នុងភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីស្រាវជ្រាវ និងស្វែងរកក្រុមគ្រួសារ៕
