2025-07-17 09:45
12

ក្រចេះ៖ ទីតាំងអគារជួល១កន្លែង បានលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឬហៅធា «Online Scams» មួយសំបុកធំត្រូវបានគណៈបញ្ជាការឯកភាពខេត្តក្រចេះ ចុះបង្ក្រាបឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ជាង ៣០០ នាក់ ដកហូតសម្ភារៈជាវត្ថុតាងជាច្រើន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយផ្ទាល់ ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ មានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បង្ក្រាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស «Online Scams» នៅទីតាំងអាគារជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ 

ក្នុងការចុះបង្ក្រាបនេះ បានរកឃើញមានជនបរទេសដូចជា៖ ជនជាតិ វៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២ នាក់ ក្នុងនោះ មានស្ត្រី ចំនួន ៥៦ នាក់ និងប្រមូលសម្ភារៈជាវត្ថុតាងរួមមាន៖ កំព្យូទ័រ ចំនួន ៣២៩ គ្រឿង, ទូរសព្ទដៃ ១,៦៣០ គ្រឿង ផងដែរ។ 

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាម៉ឺងម៉ាត់បំផុត ស្ដីពី «យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាព សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់រាជរដ្ឋាភិបាល បានសង្កេតឃើញថា “បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ ហៅថា ONLINE SCAMS បាន និងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់”។ ដោយឡែកនៅកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

បទបញ្ជានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានព្រមានចំពោះអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង៕