2025-07-17 12:27
13

បន្ទាយមានជ័យ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានសហការជាមួយអាជ្ញាធរខេត្ត ក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន ៣ បាននាំឱកាសការងារជាង ៣ពាន់កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ ចូលមកកមក្ពុជា។

ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារដល់បងប្អូនធ្វើសម្ភាសន៍ភ្លាមៗតែម្តង។ 

ក្នុងវេទិកាការងារនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ក្រសួងបានផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន ៣ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ៣ពាន់កន្លែង៕