
ភ្នំពេញ៖ ក្រោយការផ្អាកមុខតំណែង លោក គ្រី សីហា ពីព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ពាក់ព័ន្ធការសម្រេចធ្វើការដោះលែងដោយរំលោភអំណាចនូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅថា «ONLINE SCAMS» ភ្លាម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការដាស់តឿនក្រើនរំឭកដល់មន្ត្រីក្នុងវិស័យយុត្តិធម៌ត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជូនសារ និងចំណាត់ការរបស់ក្រសួងយុត្តិធម៌ ចំពោះការដោះលែងដោយរំលោភអំណាចនូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីសំណាក់ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិសាត់ថា៖ «ក្នុងកិច្ចប្រជុំពីម្សិល, ខ្ញុំបានណែនាំឱ្យឯកឧត្តម លោកជំទាវជាប្រធានតុលាការ និងព្រះរាជអាជ្ញាប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញបញ្ជាក់កាលពីយប់ថ្ងៃពុធ ទី១៦កក្កដា នេះថា៖ «យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារង ឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់»។
ជាថ្មីម្តងទៀត ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានរំលឹកដល់លោកជំទាវ ជាប្រធានតុលាការ និងព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល»។
សូមរំឭកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញបទបញ្ជាលេខ០១ បប ស្តីពី «យុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងក្របខ័ណ្ឌនៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះប្រតិបត្តិការបង្ក្រាបនៅគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន និងថែមទាំងព្រមានថា បើមានមន្ត្រីណាមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តបទបញ្ជានេះ ត្រូវប្រឈមមុខនឹងទណ្ឌកម្ម តាមរយៈការតែងតាំង ផ្លាស់ប្ដូរឬការបញ្ចប់មុខតំណែងតែម្តង៕

