2025-07-30 20:14
23

សៀងហៃ៖ កិច្ចប្រជុំក្រៅផ្លូវការបន្ទាន់ក្រៅផ្លូវការត្រីភាគី ចិន-កម្ពុជា-ថៃ មួយដែលរៀបចំឡើងនៅទីក្រុងសៀងហៃ ចិនធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងជំរុញឱ្យភាគីនៃជម្លោះព្រំដែនកម្ពុជា និងថៃ បន្តដោះស្រាយគ្នាដោយសន្តិវិធី និងត្រូវគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់។

កិច្ចប្រជុំត្រីភាគីនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅទីក្រុងសៀងហៃប្រទេសចិន ដោយមានការចូលរួមពី លោក Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងមានតំណាងភាគីកម្ពុជា និងថៃ បានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះផងដែរ។

ក្នុងកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីនេះ កម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីដល់ភាគីចិនថា “នឹងគោរពតាមកុងសុងស៊ីសបទឈប់បាញ់” បានវាយតម្លៃខ្ពស់ចំពោះការដើរតួនាទីដ៏សកម្មរបស់ចិន ក្នុងការធ្វើឱ្យមានស្ថានការណ៍ស្ងប់ស្ងាត់នាបច្ចុប្បន្ននេះ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្មោះត្រង់ ស្និទ្ធស្នាល និងចុះសម្រុងគ្នា។

ចិនបន្តដើរតួនាទីស្ថាបនាក្នុងការគាំទ្រកម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ចំពោះកិច្ចប្រជុំក្រៅផ្លូវការរវាងត្រីភាគីនេះ គឺជាការខិតខំប្រឹងប្រែងតាមបែបការទូតថ្មីបំផុត របស់ប្រទេសចិន។

សូមបញ្ជាក់ថា បទឈប់បាញ់គ្នារវាងប្រទេសថៃ និងកម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ហើយមេបញ្ជាការយោធាមកពីភាគីទាំងពីរបានជួបពិភាក្សាគ្នាអំពីវិធានការ ដើម្បីរក្សាបទឈបបាញ់នេះ ខណៈដែលអ្នកស្រុកមួយចំនួននៅតាមបណ្តោយព្រំដែនដែលមានជម្លោះបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងរយៈពេលប្រាំថ្ងៃកន្លងមក៕