2025-08-02 11:52
8

វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី១ សីហា ម្សិលមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរគ្រឿងដាក់ទីតាំងនៅក្នុង តំបន់សមស្រប បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្ដីជាមួយអតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ( Dmitry Medvedev ) ។

តាមការចេញផ្សាយពីភ្នាក់ងារ រ៉យទ័រ នៅថ្ងៃទី២ សីហា នេះបានឲ្យដឹងថា កាលពីថ្ងៃទី៣១ កក្កដា កន្លងទៅ អតីតប្រធានាធិបតីរុស្ស៊ី បាននិយាយគម្រាមទៅកាន់ លោក ត្រាំ ថា លោក ត្រាំ គួរតែចងចាំថា ទីក្រុងមូស្គូ មានសមត្ថភាពក្នុងការវាយប្រហារនុយក្លេអ៊ែរ សម័យសូវៀត ជាមធ្យោបាយចុងក្រោយ។

ក្រោយការលើកឡើងរបស់ លោក ឌីមីទ្រី មេដវេដេវ ( Dmitry Medvedev ) បែបនេះ ត្រាំ ហាក់ក្ដៅស្លឹកត្រចៀកខ្លាំង ដោយបានឆ្លើយតបឲ្យអតីតប្រធានាធិបតីរុស្ស៊ីរូបនេះ ស្ដាប់ការនិយាយរបស់ខ្លួនឯងឡើងវិញ។ 

ហើយ លោក Trump ក៏បានបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់លោកកាលពីថ្ងៃសុក្រថា “ផ្អែកលើសេចក្តីថ្លែងការណ៍ដែលបង្កហេតុយ៉ាងខ្លាំងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ... ពាក្យសំដីមានសារៈសំខាន់ណាស់ ហើយជារឿយៗអាចនាំទៅរកផលវិបាកដោយអចេតនា ខ្ញុំសង្ឃឹមថា វាមិនមែនជាករណីមួយក្នុងចំណោមករណីទាំងនោះ។”

ក្រោយការឆ្លើយតបរបស់ ត្រាំ ទៅកាន់អតីតប្រធានាធិបតីរុស្ស៊ីខាងលើ បណ្ដាលឲ្យក្រុមអ្នកវិភាគសន្តិសុខបានហៅទង្វើរបស់លោក Trump ថា ជាការបង្កើនសង្គ្រាមវោហាសាស្ត្រជាមួយទីក្រុងម៉ូស្គូ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិកមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវបានដាក់ពង្រាយរួចទៅហើយ និងមានសមត្ថភាពវាយប្រហាររុស្ស៊ីបានថែមទៀតផង ប៉ុន្តែ ត្រាំ បាននិយាយសង្កត់ធ្ងន់ទៅលើរឿងនេះបន្ថែមប៉ុណ្ណោះ ដើម្បីឆ្លើយទៅនឹងការបោះពាក្យសម្ដីគម្រាមពីអតីតប្រធានាធិបតីរុស្ស៊ីមកកាន់លោក។

សូមបញ្ជាក់ផងដែរថា សង្គ្រាមពាក្យសម្ដីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានកើតឡើងបន្ទាប់ពី លោក Trump មានការខកចិត្តជាមួយនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលលោកគិតថា កំពុងឈានទៅរកភាពបរាជ័យ ក្នុងការឲ្យរុស្ស៊ីចរចាបញ្ចប់ការឈ្លានពានលើអ៊ុយក្រែនដែលមានរយៈពេលជាងបីឆ្នាំកន្លងមក៕