
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ លោក អ៊ូ ឃីន យី ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលយកការអញ្ជើញ និងត្រៀមទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា តាមពេលវេលាសមស្រប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា នាព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ។
តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក អ៊ូ ឃីន យី (U Khin Yi) ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបប្រជុំទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានទស្សនកិច្ច នៅវិមានឈ្នះ-ឈ្នះ ដើម្បីស្វែងយល់អំពីដំណើរការកសាង និងថែរក្សាសន្តិភាព និងគោលនយោបាយ ឈ្នះ-ឈ្នះ របស់កម្ពុជា។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិ ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលរំដោះជាតិ ការកសាង និងការការពារជាតិ ក៏ដូចជាការស្វែងរកសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍របស់ គណបក្ស និងប្រទេសនីមួយៗ និងបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោកព្រមទាំងបានឯកភាពគ្នាដាក់ចេញនូវទិសដៅកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរសម្រាប់ពេលអនាគត។ គណបក្សទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសំដៅជំរុញកិច្ចសហប្រតិបត្តិការ អន្តរគណបក្សនយោបាយ និងភាពជាដៃគូ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដោយ ផ្អែកលើគោលការណ៍សមភាព ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ដំណើរទស្សនកិច្ចនាពេលនេះធ្វើឡើងស្របពេលដែលប្រទេសទាំងពីរបាន និងកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត ដែលនឹងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថែម សន្ទុះថ្មីដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ និងអាស៊ានផងដែរ៕


