2025-08-28 21:58
10

ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃ ក្រសួងបរិស្ថាន បានបង្ហាញអំពីលទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វ កំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក (Grus antigone sharpii)

ការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿននេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រនៃប្រភេទសត្វដឹកម្រនេះ និងកត្តាគំរាមកំហែងរបស់ពួកវានៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ការធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀល សរុបចំនួន ២១៤ ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា ២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់ ៣៧% បើធៀបនឹងលទ្ធផលឆ្នាំ២០២២។

ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភក្នុងអំឡុងទសវត្សចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី ៨៦៩ ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម ១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់តាំងពីឆ្នាំ២០២២ សត្វក្រៀលបានចាប់ផ្តើមកើនឡើងវិញ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «លទ្ធផលជំរឿននេះនាំមកនូវសុទិដ្ឋិនិយម ចំពោះការគ្រប់គ្រងនិងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា»។ លោកបានបន្ថែមថា ការកើនឡើងចំនួនសត្វក្រៀល ក្នុងពេលធ្វើជំរឿនឆ្នាំ២០២៥ បានបង្ហាញអំពីលទ្ធផលនៃកិច្ច ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រ ធានាឱ្យបាននូវគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅ ប្រកបដោយភាពសុខដុមរមនា។ 

ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្ដម្ភទី២ គឺ ភាពបៃតង ដែលគាំទ្រដល់ការចូលរួមពី អាជ្ញាធ គ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ក្នុងការកិច្ចខិតខំ ប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការបណ្តុះដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនតម្របបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលធ្វើឱ្យចំនួនសត្វព្រៃ ជាពិសេសប្រភេទសត្វក្រៀល មានការកើនឡើង។

សូមបញ្ជាក់ថា ការរាប់ចំនួនសត្វក្រៀល ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុងទីតាំងសំខាន់ៗ ចំនួន ១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា (CSCWG)។ ការធ្វើជំរឿននេះ អាចប្រព្រឹត្តទៅបាន តាមរយៈកិច្ចសហការរវាងស្ថាប័ន និងអង្គការមួយចំនួន រួមមាន៖ ក្រសួងបរិស្ថាន (MoE) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) អង្គការសមាគម អភិរក្សសត្វព្រៃ (Wcs) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិសត្វក្រៀលអន្តរជាតិ (ICF) អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ (WWT) និងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោក Alistair Mould នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការសមាគមអភិរក្សសត្វព្រៃ (wcs) បានលើកឡើងថា «លទ្ធផលជំរឿនសត្វក្រៀលដ៏ជោគជ័យទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង មិនចេះនឿយហត់ របស់សមាជិកក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកអភិរក្ស ផ្សេងទៀត ដែលបាននិងកំពុងធ្វើការនៅទីវាល»

កញ្ញា Christel Griffioen នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលើកឡើងថា «តំបន់ដីសើម និងព្រៃរបោះរបស់ប្រទេសកម្ពុជា គឺជាបន្ទាយដ៏រឹងមាំសម្រាប់គាំទ្រដល់សត្វក្រៀល ដែលជាប្រភេទសត្វមានសក្តានុពលធម្មជាតិ និងវប្បធម៌ដ៏ជ្រៀលជ្រៅ។ លទ្ធផលជំរឿនដ៏គាប់ប្រសើរក្នុងឆ្នាំ២០២៥នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គការដៃគូអភិរក្ស និងសហគមន៍មូលដ្ឋាន។ ការធានាបាននូវនិរន្តភាពនៃកិច្ចសហការ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាអនាគត យូរអង្វែងសម្រាប់សត្វដ៏ស្រស់ស្អាត និងអស្ចារ្យនេះ»

លោក ប៊ូ វរសក្ស អនុប្រធានក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា និងជានាយកអង្គការជីវិតធម្មជាតិ នៅកម្ពុជា បានលើកឡើងថា «ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចការពារសត្វក្រៀល និងទីជម្រករបស់វា។ តាមរយៈការអង្កេតតាមដានរួមគ្នា ការធ្វើផែនការយុទ្ធសាស្ត្រ ការអភិរក្សរួមគ្នា និងការផ្តួចផ្តើមអនុវត្តកសិកម្មមេត្រីភាពសត្វក្រៀល យើងបាននិងកំពុងពង្រឹងកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា ដើម្បីធានាថាប្រភេទសត្វតំបន់ដីសើមដ៏កម្រដែលកំពុងមានវត្តមាននៅអាស៊ីអាគ្នេយ៍មួយនេះ នឹងបន្តកើនឡើង និងរួមចំណែកជាផ្នែកមួយ នៃសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា»